នគរបាលក្រុមចល័តខេត្តបាត់ដំបង ឃាត់រថយន្តកែច្នៃ និងដឹកសំពីងសំពោងជាច្រើនគ្រឿង
បាត់ដំបង ៖ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការល្បាតចល័ត និងឃាត់បានរថយន្តកែច្នៃខុសលក្ខណបច្ចេកទេស និងរថយន្តដឹកសំពីងសំពោងជាច្រើនគ្រឿង នៅក្នុងមូលដ្ឋានខេត្តបាត់ដំបង ។
លោកវរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា ការល្បាតចល័តនាំយកនូវរថយន្ត រួមទាំងម្ចាស់អ្នកបើកបរមកកាន់ការិយាល័យចរាចរណ៍នេះ ធ្វើឡើងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ដើម្បីលើកកម្ពស់សោភ័ណភាព និងពង្រឹងច្បាប់បន្ថែមទៀត ពិសេសប្រយោជន៍ចំបងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ដែលតែងតែកើតមានឡើងជាបន្តបន្ទាប់នៅលើដងផ្លូវ ដោយសារតែការមិនចូលរួមគោរពច្បាប់ចរាចរណ៍របស់ម្ចាស់យានយន្តមួយចំនួនតូច ។
លោកវរសេនីយ៍ឯក ចាន់ សុធី បានបន្តថា÷រថយន្តដែលកម្លាំងជំនាញចុះឃាត់បាននាពេលនេះជាប្រភេទរថយន្តដឹកទំនិញទាំងអស់ ក្នុងនោះរួមមានរថយន្តម៉ាកសាំយ៉ុង និងរថយន្តម៉ាកនីសាន់ សរុបចំនួន០៧គ្រឿង ដែលរថយន្តទាំងនេះម្ចាស់មិនបានចូលរួមគោរពច្បាប់ចរាចរណ៍ឡើយ មិនតែប៉ុណ្ណោះបានប្រព្រឹត្តល្មើសច្បាប់តទ្រុងដែកឡើងទៅលើ និងលយទៅផ្នែកខាងក្រោយខុសលក្ខណ:បច្ចេកទេស និងល្មើសដឹកទំនិញសំពីងសំពោងគ្មានរបៀបរៀបរយហើយធ្វើចរាចរណ៍នៅលើដងផ្លូវផងដែរ ។
លោកបន្តថា វិធានការចំពោះមុខតម្រូវឲ្យម្ចាស់យានយន្តទម្លាក់ឥវ៉ាន់ចុះរួចកែសម្រួលទ្រុងឲ្យដូចទម្រង់ដើមឡើងវិញ ព្រមជាមួយការធ្វើកិច្ចសន្យាបញ្ឃប់សកម្មភាពខុសច្បាប់បន្តទៀតរួចឲ្យវិលត្រឡប់ទៅកាន់លំនៅឋានរៀងៗខ្លួនវិញ ៕
ដោយ ៖ សាលី