គ្រាប់យុទ្ធភ័ណ្ឌជាច្រើនគ្រាប់ ត្រូវបានពលរដ្ឋប្រទះឃើញ ពេលគាស់កាយដីស្រែ

បាត់ដំបង ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជាច្រើនគ្រាប់ ត្រូវបានពលរដ្ឋឈ្មោះ គុច គីន ភេទប្រុស អាយុ ៦៣ឆ្នាំប្រទះឃើញកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចភូមិបឹងសង្កែ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបា​ត់ដំបង នៅពេលដែលរូបគាត់យកគ្រឿងចក្រកាយដីដំបូកក្នុងស្រែ នៅក្នុងភូមិសាស្ត្រខាងលើ ។

សមត្ថកិច្ចបានអោយដឹងថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋពាក់ព័ន្ធករណីប្រទះឃើញនូវគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះភ្លាម សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ និងប្រមូលយកបាន សរុបចំនួន ១០គ្រាប់ ដែលក្នុងនោះមាន ៖ គ្រាប់កាំភ្លើងប្រភេទ B40,5ចំនួន០៤គ្រាប់, គ្រាប់កាំភ្លើងប្រភេទ B 40ចំនួន ០៤គ្រាប់ និងគ្រាប់កាំភ្លើងប្រភេទ ឡង់ចំនួន ០២គ្រាប់ ដែលគ្រាប់ទាំងនេះបាននៅសេសសល់តាំងពីសម័យសង្រ្គាម ។

ស្របតាមការណែនាំ ជាប់ជាប្រចាំរបស់លោកឧត្តម​សេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដល់មន្រ្តីនគរបាលនៅមូល​ដ្ឋាន ស្តីពី ការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានយល់​ដឹងអំពីគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរ​បាលស្រុកបវេល បានយកព័ត៌មាននេះ ធ្វើការទំនាក់​ទំនងទៅអង្គភាពកំចាត់មីន CMAC ប្រចាំខេត្ត​បាត់​ដំ​បងដើម្បីមកត្រួតពិនិត្យនិងមានវិធានការតាមជំនាញ ។

គួរបញ្ជាក់ថា នៅចំណុចខាងលើ គឺជា សមរភូមិក្តៅមួយក្នុងចំណោមសមរភូមិផ្សេងទៀត ក្នុងខេត្តជាប់ព្រំដែន ដែលមានការប្រយុទ្ធតតាំងគ្នាកាលពីសម័យសង្រ្គាមហើយរហូតមកដល់ពេលនេះ យុទ្ធភ័ណ្ឌមិន​ទាន់ផ្ទុះ បាននិងកំពុងកប់នៅរាយប៉ាយក្នុងដី ដែលចាំបាច់មន្រ្តីនគរបាលនៅមូលដ្ឋាន និងសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធ បន្តផ្សព្វផ្សាយដល់ប្រជាព​លរដ្ឋឱ្យលោកបានយល់អំពីបញ្ហានេះ និងចៀសវាងនូវការប៉ះពាល់ ឬធ្វើសកម្មភាពណាផ្សេងដែលជា​ហេតុនាំបង្កនូវករណីគ្រោះថ្នាក់ដល់អាយុជីវិតដោយសារយុទ្ធភ័ណ្ឌជាសំណល់ពីសង្គ្រាមនេះ ៕
ដោយ ៖ សាលី

CATEGORIES
Share This