នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពីបទរក្សាទុកថ្នាំញៀនខុសច្បាប់

បាត់ដំបង ៖ កម្លាំងជំនាញផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀនមួយករណី ក្នុងបទល្មើសជាក់ស្តែង ឃាត់ខ្លួនបានជនសង្ស័យ ចំនួន២នាក់ ។

លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានអោយដឹងថា ដំបូងឡើយ នៅវេលាម៉ោង១១និង១០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចលូដាច់ ស្ថិតក្នុងភូមិស្ពាន ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង​ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់​ឈ្មោះ សន វឿត ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិមុខវត្ត ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងបានដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន ០៦ថង់ សង្ស័យមានសារធាតុញៀន, ទូរស័ព្ទដៃចំនួន០១គ្រឿងចាស់, ថង់សម្រាប់រំលែកថ្នាំញៀន០១ដុំ និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

ក្រោយពីឃាត់ខ្លួន និងឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ សន វឿត សមត្ថកិច្ចបានបន្តកិច្ចប្រតិបត្តិការចាប់ខ្លួនជនសង្ស័យ០១នាក់ទៀតឈ្មោះ មឿន សាម៉េត ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិមុខវត្ត ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង រួមជាមួយវត្ថុតាងមាន ៖ ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន០១ថង់ សង្ស័យមានសារធាតុញៀន, ទូរស័ព្ទដៃចំនួន០១គ្រឿងចាស់, ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ស្លាកលេខ បន្ទាយមានជ័យ1F-7876 ។

ក្រោយធ្វើការសាកសួររួច ជនសង្ស័យទាំងពីរនាក់ខាងលើ ត្រូវបានកម្លាំងនគរបាលស្រុកកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ អនុវត្តតាមនីតិវិធី ៕

ដោយ ៖ សាលី

CATEGORIES
Share This