សម្តេចក្រឡាហោម ស ខេង អំពាវនាវបួនចំនុចដើម្បីប្រទេសជាតិ កាន់តែរីកចំរើនបន្ថែមទៀត
បាត់ដំបង ៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្តេចព្រះសុមេធាធិបតី នន្ទ ង៉ែត នៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ១ខ្នង កម្ពស់៤ជាន់ ១២បន្ទប់ និងសមិទ្ធផលនានា នៅខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចបានសម្តែងនូវមោទភាពចំពោះការរីកចម្រើនជាលំដាប់របស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ រួមទាំងសាខាខេត្តបាត់ដំបង រួមចំណែកបណ្ដុះបណ្ដាលសិស្ស និងនិស្សិតទាំងកម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សាជាច្រើនអង្គ/នាក់ ឱ្យក្លាយជាបណ្ឌិតបញ្ញាវ័ន្ដ និងជាធនធានមនុស្សដ៏ចាំបាច់សម្រាប់ដំណើរការកសាងអភិវឌ្ឍ សង្គមជាតិ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ។
សមិទ្ធផលទាំងខាងវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ ដែលប្រទេសជាតិសម្រេចបានរហូតមកទល់ពេលនេះ ពិតជាកើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញយ៉ាងត្រឹមត្រូវនូវកម្មវិធីនយោបាយ គោលនយោបាយ យុទ្ធសាស្ត្រ និងកម្មវិធីនានា ជាមួយការចាត់តាំងអនុវត្តដោយមានការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស។
ដើម្បីបន្តថែរក្សាការពារសមិទ្ធផលដែលយើងទាំងអស់គ្នាខិតខំសម្រេចបាន ក៏ដូចជារួមគ្នាធ្វើការអភិវឌ្ឍ ស្រុក ភូមិ ឃុំ សង្កាត់ និងប្រទេសជាតិអោយកាន់តែរីកចំរើនបន្ថែមទៀត ក្នុងនាមរាជរដ្ឋាភិបាល សម្តេចសូមបន្តធ្វើការអំពាវនាវបួនចំណុច ៖ ទី១- សូមបន្តរួមគ្នាខិតខំថែរក្សាសុខសន្តិភាព ស្ថានភាពនយោបាយអោយឋិតឋេរ គង់វង្ស យូរអង្វែង ដើម្បីបង្កបរិយាកាសអំណោយផលដល់ការកសាងជីវភាពក្នុងគ្រួសារ ការកសាងអភិវឌ្ឍន៍ ស្រុក ក្រុង ឃុំសង្កាត់ ភូមិ និងប្រទេសជាតិយើងអោយកាន់តែមានការីកចំរើនថែមទៀត ព្រោះថា មានសន្តិភាព ទើបមានការអភិវឌ្ឍ និងមានអ្វីៗទាំងអស់ដូចសព្វថ្ងៃ ដូច្នេះយើងត្រូវចេះស្រឡាញ់សន្តិភាព ថែរក្សាសន្តិភាព ការពារសន្តិភាព និងអរគុណសន្តិភាព។ ទី២- សូមបន្តរួមគ្នាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម តាមរយៈការអភិវឌ្ឍអោយបានសកម្ម ផុលផុសគ្រប់មូលដ្ឋាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលក្នុងនោះមានបញ្ហាគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្មេងទំនើង ចោរប្លន់ ចោរលួច ប្រដាប់អាវុធ និងគ្រោះថ្នាក់ចរាចរណ៍ជាដើម ។ ទី៣-ខណៈព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ SEA GAME លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលជាព្រឹត្តិការណ៍ដ៏ធំ និងមានអ្នកចូលរួមពីគ្រប់មជ្ឈដ្ឋាន សម្ដេចបានអំពាវនាវមន្ត្រីទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវធានាអោយ បាននូវសន្តិសុខ និងសុវត្ថិភាពសម្រាប់ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ រហូតដល់ថ្ងៃបិទកម្មវិធី ។ ទី៤-សូមបន្តចូលរួមគាំទ្រការរៀបចំព្រឹត្តិការណ៍ធំមួយទៀត គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ដែលនេះជាឱកាសមួយថ្មីសម្រាប់កម្ពុជាយើងរៀបចំឱកាសពេលវាលាមួយសមស្របសម្រាប់ពង្រឹងសុខសន្តិភាព ស្ថានភាពប្រជាធិបតេយ្យ ហើយនិងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមអោយកាន់តែរីកចំរើនបន្ថែមទៀត ៕
ដោយ ៖ សាលី