ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំយកអំណោយសម្ដេចតេជោ ប្រគល់ជូនកងកម្លាំង ទីបញ្ជាការកងពលតូចថ្មើរជើង លេខ៥២

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងទ័ពជើងគោក និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់បងប្អូនកងកម្លាំងប្រដាប់អាវុធទិសយោធភូមិភាគទី៥ ជាពិសេសគឺការចែកអាវភ្លៀង ជូនដល់បងប្អូនកងកម្លាំងខណៈរដូវវស្សាបានមកដល់ ។

ឯកឧត្តម បានមានប្រសាសន៍ថា កម្មវិធីបែងចែកអាវភ្លៀង និងអាវរងា ជូនកងកម្លាំងប្រដាប់អាវុធ តែងតែធ្វើជាប្រចាំ ហើយនេះបានបង្ហាញពីការយកចិត្តទុកដាក់គិតគូរជាប្រចាំនូវសុខទុក្ខបងប្អូនកងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ។

សម្តេចតេជោ បានយកជីវិតរបស់ខ្លួនទៅប្តូរយកសន្តិភាពដែលយើងកំពុងសោយសុខនឹងផ្លែផ្កាសន្តិភាពរហូតដល់ពេលនេះ ដូចនេះក្នុងនាមជាកងទ័ព កងកម្លាំងប្រដាប់អាវុធ យើងត្រូវបេ្តជ្ញា កសាងសមត្ថភាព បង្កើនឆន្ទៈ លះបង់ឱ្យអស់កម្លាំងកាយចិត្ត ពេលវេលា និងបូជាជីវិត ដើម្បីធានាការពារបូរណភាពទឹកដី សុខសន្តិភាព សន្តិសុខសង្គម និងសុវត្ថិភាពជូនប្រជាជនកម្ពុជា ។

ចំពោះកងទ័ព ក៏ដូចជាកងកម្លាំងប្រដាប់អាវុធរបស់យើង ក្រៅពីបំពេញការងារស្នូលរបស់ខ្លួន បងប្អូនកងកម្លាំងតែងតែចូលរួមសកម្មភាពការងារសង្គម ជួយប្រជាពលរដ្ឋដែលជួបប្រទះការលំបាក ជួបខ្យល់កន្ត្រាក់ គ្រោះមហន្តរាយជាដើម ជាក់ស្តែងក្រៅពីអាវភ្លៀង សម្រាប់ចែកជូនកងកម្លាំងប្រដាប់អាវុធនាថ្ងៃនេះ កងពលតូចថ្មើរជើងលេខ៥២ ក៏ទទួលបានអង្ករ សម្រាប់ប្រើប្រាស់ក្នុងអង្គភាព និងស័ង្កសី ចំនួន ៥០០០សន្លឹក ដើម្បីយកមកជួយដល់គ្រួសារកងទ័ព ប្រជាពលរដ្ឋទីទាល់ក្រ និងប្រជាពលរដ្ឋ ដែលរងគ្រោះដោយធម្មជាតិផ្សេងៗផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This