នគរបាលស្រុកថ្មគោល ឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីបទលួចយក(ប្រាក់)

បាត់ដំបង ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រីង នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរប្រាសាទ នៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីបទលួចយក(ប្រាក់)អ្នកដទៃ ។

លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៣និង១០នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចក្រុមទី១១ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ក្រោយទទួលព័ត៌មានតាមទូរស័ព្ទ ពីប្រជាពលរដ្ឋឈ្មោះ យឿម សាម៉េត ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ពាក់ព័ន្ធករណីមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ០១នាក់ ជិះម៉ូតូ០១គ្រឿង ធ្វើសកម្មភាពចូលលំនៅដ្ឋានលួច(ប្រាក់) របស់ជនរងគ្រោះឈ្មោះ ថាប់ លាប ភេទស្រី អាយុ៦៩ឆ្នាំ និងបានជិះម៉ូតូគេចខ្លួនសំដៅទៅទិសខាងជើងខេត្តបន្ទាយមានជ័យ ។

ក្រោយពីទទួលព័ត៌មាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រីងសហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរប្រាសាទ ស្រុកមង្គលបូរី តាមស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យ០១នាក់ឈ្មោះ គិត លេដា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងដកហូតបានវត្ថុតាងរួមមាន ៖ ម៉ូតូចំនួន០១គ្រឿងម៉ាកវេវអាល់ហ្វាពណ៌ខ្មៅ  ពាក់ស្លាកលេខបាត់ដំបង 1AH.9320 ជា(មធ្យោបាយប្រព្រឹត្ត), ប្រាក់ខ្មែរចំនួន ៤៥០,០០០៛(សែសិបប្រាំម៉ឺនរៀល), ប្រាក់បាតចំនួន ៣៣,៧០០បាត(បីម៉ឺនបីពាន់ប្រាំពីររយបាត), កាបូបស្ពាយពណ៌ទឹកប៊ិចចំនួន០១ ។

ក្រោយពីឃាត់ខ្លួនសាកសួរ បច្ចុប្បន្នជនសង្ស័យ ត្រូវបានផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល  ចំសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ៕

ដោយ ៖ សាលី

CATEGORIES
Share This