លោកជំទាវ បាន ស្រីមុំ ៖ អាជ្ញាធរ មន្ទីរអង្គភាពជុំវិញខេត្ត ត្រូវមើលឡើងវិញ រាល់បញ្ហានាពេលកន្លងមក មិនត្រូវទុកចោលនោះទេ

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសមន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត ត្រូវមើលឡើងវិញនូវរាល់បញ្ហា នាពេលកន្លងមក មិនត្រូវទុកចោលនោះទេ គឺ ត្រូវដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ។

លោកជំទាវ លើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី៣ នៃក្រុមប្រឹក្សាខេត្តប៉ៃលិន ក្រោមការចូលពីសំណាក់ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត លោក-លោកស្រី ប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក និងឃុំ-សង្កាត់ជាច្រើននាក់ផងដែរ ។

ក្នុងកិច្ចប្រជុំនេះ មានរបៀបវារៈដូចជា ៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៤៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន ២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំខែមេសា ឆ្នាំ២០២៣ និងទិសដៅការងារបន្តខែបន្ទាប់ របស់រដ្ឋបាលខេត្តប៉ៃលិន និង ៣-បញ្ហាផ្សេងៗ ។

ក្រោយពីបានស្តាប់ការលើកឡើងពីរបៀបវារៈ និងបញ្ហាសំខាន់ៗ ក្នុងកិច្ចប្រជុំរួចមក លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍បន្ថែមថា ក្រោមម្លប់សុខសន្តិភាព រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានអនុវត្តនូវវិធានការទប់ស្កាត់ ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ បានដោយជោគជ័យ ដែលធ្វើអោយស្ថានភាពប្រទេស មកល្អប្រសើឡើងវិញ ទើបធ្វើឱ្យកម្ពុជាមានលទ្ធភាព ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានយ៉ាងល្អ ប្រកបដោយមោទនភាពជាតិ ។

មានប្រសាសន៍បូកសរុបក្នុងកិច្ចប្រជុំ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បានកោតសរសើរដល់រដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវ បាន ស្រីមុំ ជាអភិបាលខេត្ត ដែលបានខិតខំប្រឹងប្រែងធ្វើការដោះស្រាយ នូវរាល់បញ្ហានានាជូនដល់ប្រជាពលរដ្ឋ និងការអនុវត្តនូវគោលនយោបាយភូមិ/ឃុំមានសុវត្តិភាព នៅតាមមូលដ្ឋានប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងបានធ្វើការអភិវឌ្ឍខេត្ត ឱ្យមានការរីកចំរើនជាបន្តបន្ទាប់គួរជាទីមោទន ជាក់ស្តែងការរៀបចំសោភ័ណ្ឌភាពខេត្តយ៉ាងស្រស់ស្អាត គួរអោយទាក់ទាញ ដែលធ្វើអោយភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្តមាន ការស្ងើចសសើរមិនដាច់ពីមាត់ ចំពោះការកែប្រែមុខមាត់ថ្មីរបស់ខេត្តប៉ៃលិន ៕

CATEGORIES
Share This