បើកត្រាក់ទ័រភ្ជួរដី ប៉ះត្រូវមីនតោន បណ្តាលអោយផ្ទុះខ្ទេចទាំងមនុស្ស និងត្រាក់ទ័រ

បាត់ដំបង ៖ បុរសម្នាក់បានស្លាប់ បែកសាច់ជាជម្រៀកៗ ខណៈដែលកំពុងបើកត្រាក់ទ័រភ្ជួរដីចំការ ប៉ះត្រូវមីនតោន បណ្តាលអោយផ្ទុះឡើងលាន់ដូចរន្ទះបាញ់ ។

ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១២និង១០នាទី ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចអូរត្រាង ស្ងិតក្នុងភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលជនរងគ្រោះមានឈ្មោះ ង៉ែត ណារ៉ុង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិពោធិ៍ជ្រៃ ឃុំសិរីមាជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះខាងលើ បានបើកត្រាក់ទ័រភ្ជួរដីចំការ ដើម្បីដាំពោតនៅចំណុចទីតាំងដែលមិនធ្លាប់ភ្ជួរដល់ពីមុនមកទេ ព្រោះជាទីតាំងលិចទឹក ដោយឆ្នាំនេះអាកាសធាតុក្តៅយូរទឹកក៏រីងស្ងួតអស់ទើបត្រាក់ទ័រភ្ជួរដល់ក៏បណ្ដាលអោយប៉ះត្រូវមីនតោនផ្ទុះស្លាប់បែកសាច់ជាជម្រៀកៗទាំងតៃកុងនិងត្រាក់ទ័រតែម្តង ។

ក្រោយកើតហេតុក្រុមគ្រួសារ សាច់ញាតិបងប្អូនបានមកដឹកយកសាកសពដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ សាលី

CATEGORIES
Share This