គ្រូពេទ្យម្នាក់ ជិះម៉ូតូពេលមេឃកំពុងភ្លៀង ត្រូវបានដើមឈើរលំសង្កត់ បណ្តាលអោយរងរបួសធ្ងន់

បាត់ដំបង ៖ បុរសម្នាក់ត្រូវបានដើមឈើដួលរលំ សង្កត់បណ្តាលអោយរងរបួសធ្ងន់ ខណៈដែលកំពុងជិះម៉ូតូក្រោយពេលមេឃធ្លាក់ភ្លៀង នៅវេលាម៉ោងប្រមាណ ១៨និង៣០នាទី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុចលើផ្លូវលេខ ១៥៤ ស្ថិតក្នុងក្រុមទី២ ភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ។

ជនរងគ្រោះមានឈ្មោះ ទេព មុន្នី ភេទប្រុស អាយុប្រហែល៥៥ឆ្នាំ មុខរបរជាគ្រូពេទ្យ មានទីលំនៅក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង និងខូចខាតម៉ូតូ ម៉ាកហុងដាឌ្រីមចំនួន ១គ្រឿងផងដែរ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបងប្អូនប្រជាពលរដ្ឋ ចេញមកជួយកាត់លើកដើមឈើចេញដើម្បីរំដោះយកទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ ភ្លាមៗផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This