ជាងប៉ះកង់រថយន្តម្នាក់ រងរបួសធ្ងន់ ខណៈសប់ខ្យល់ជ្រុល បណ្តាលឱ្យផ្ទុះកង់រថយន្ត

កំពង់ស្ពឺ ៖ បុរសជាជាងប៉ះកង់រថយន្តម្នាក់ បានរងរបួសធ្ងន់ ខណៈសប់កង់ជ្រុលបណ្តាលឱ្យផ្ទុះ ហើយកងដែកនៃកង់រថយន្តខ្ទាតត្រូវ ។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ នៅចំណុច​ទីតាំងប៉ះកង់​រថយន្ដមួយកន្លែងស្ថិតក្នុងភូមិឡ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

លោក ឃុត សុផល អធិការនៃអធិការដ្ឋាននគរបាលស្រុកសំរោងទង បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ វ៉ាត វ៉ិត ភេទប្រុស អាយុ២៧ឆ្នាំ មា​នស្រុកកំណើតភូមិព្រៃព្រី ឃុំព្រៃជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ ជនរងគ្រោះ បានទទួលសប់កង់រថយន្ដ​ធំមួយគ្រឿង ផ្នែកក្រោយ​ខាងស្ដាំ​ ពេលកំពុងតែសប់បញ្ចូលខ្យល់នោះ ស្រាប់តែកង់ឡានបានផ្ទុះ បណ្ដា​លអោយកងនៃកង់រថយន្ត ខ្ទាតមកបុកត្រូវហើយប៉ើងបុរសរងគ្រោះចេញពីកង់រថយន្តនោះ ។

អធិការរូបនេះ បន្តថា បុរសជាជាងប៉ះកង់បានសន្លប់ និងរងរបួសបាក់ជើងខាងស្តាំខ្ទេច ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរឯកជនមួយកន្លែង ក្នុងច្បារមន ។ចំពោះហេតុការណ៍ផ្ទុះកង់រថយន្តនេះដែរ សមត្ថកិច្ច​បានសន្និដ្ឋានថា គឺផ្តើមចេញពីការសប់បញ្ចូលខ្យល់ទៅក្នុងកង់រថយន្តលើសកម្រឹត ទើបបង្កឱ្យមានឧបទ្ទវហេតុដូច្នេះ ។

ដោយមើលឃើញពីហេតុការណ៍នេះ អធិការស្រុកសំរោងទងលោក ឃុត សុផល បានក្រើនរំលឹកទៅបងប្អូនប្រជាពលរដ្ឋ ដែលប្រកបរបរជាជាងរថយន្តពិសេសអ្នកប៉ះ និងសប់កង់រថយន្តទាំងអស់ សូមបង្កើនការប្រុងប្រយត្ន័ឱ្យបានខ្ពស់ និងត្រូវពិនិត្យជាប្រចាំនូវឧបករណ៍សប់ខ្យល់ ដើម្បីបង្ការនូវគ្រោះថ្នាក់ជាយថាហេតុដូចខាងលើ ព្រោះករណីនេះវាអាចសម្លាប់យើងបានគ្រប់ពេល ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This