សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង រៀបចំកិច្ចប្រជុំពិភាក្សា ស្តីពីការកៀរគររកមូលនិធិដើម្បីអបអរសាទរខួបលើកទី ១៦០

បាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការកៀរគររកមូលនិធិដើម្បីអបអរសាទរខួបលើកទី ១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ក្រោមប្រធានបទ “ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម “។

ក្នុងកិច្ចពិភាក្សានេះដែរ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថា សម្រាប់ឆ្នាំនេះ ក្នុងកិច្ចប្រជុំគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងកន្លងមក បានសម្រេចថាយើងមិនរៀបចំពិធីធ្វើទិវានោះទេ  ដោយធ្វើជាលិខិតអំពាវនាវចែកជូនដល់សប្បុរសជនដើម្បីជួយទ្រទ្រង់និងជួយគាំទ្រដល់សកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តបាត់ដំបង តាមរយៈនៃការបរិច្ចាកថវិកាពីសប្បុរសជន គ្រប់ទិសទី និងពីគ្រប់មជ្ឈដ្ឋាន តាមមូលដ្ឋានបណ្តា ក្រុង ស្រុក ដែលចំណុះឲ្យរដ្ឋបាលខេត្ត នៅតាមស្ថាប័ន មន្ទីរ អង្គភាព នានាជុំវិញខេត្ត និងពីគ្រប់អាជីវករ សិប្បករ នៅតាមបណ្តារោងចក្រសហគ្រាស ផលិតកម្មនានា នៅតាមបណ្តាស្រុក-ក្រុង ក្នុងខេត្ត ដើម្បីចលនាបំផុសឲ្យគេបានចូលរួមជាមួយនិងសកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត និង តាមរយៈនៃការកៀរគរថវិកា របស់សាខាកាកបាទក្រហមខេត្តបាត់ដំបង ដែលតែងតែប្រារព្វធ្វើជារៀងរាល់ឆ្នាំកន្លងមក ជាពិសេសក្នុងការប្រារព្វអបអរសាទរខួបទី ១៦០ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣នេះ ក្រោមប្រធានបទ“ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជាដើម្បីបរិយាបន្នសង្គម “ ។

តាមរយៈការបរិច្ចាគ នូវធនធានថវិកាពីសប្បុរសជនគ្រប់ស្រទាប់វណ្ណៈទាំងអស់នេះ គឺធ្វើឡើងតាមកម្លាំងសទ្ធា និងពីការចូលរួមទាំងនោះ ហើយក្នុងនោះសាខាកាកបាទក្រហមខេត្តបាត់ដំបង នឹងខិតខំយកចិត្តទុកដាក់ក្នុងការប្រើប្រាស់នូវអំណោយសប្បុរសជន ដើម្បីបំរើដល់សកម្មភាពមនុស្សធម៌ ក្នុងការជួយដល់ប្រជាពលរដ្ឋដែលជួបនូវការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗដែលតែងកើតមានកន្លងមក ។

ជាមួយគ្នានេះឯកឧត្តម ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនក្នុងការជម្រុញឲ្យមានប្រសិទ្ធភាព និងឲ្យមានការចូលរួមកាន់តែច្រើនឡើងថែមទៀត ក្នុងការកៀរគរស្វែងរកសប្បុរសជនដើម្បីចូលរួមបរិច្ចាគធនធានថវិកា ក្នុងសកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្ត ដោយក្នុងនោះ ឯកឧត្តមបានធ្វើការណែនាំដល់ថ្នាក់ដឹកនាំសាខា និងថ្នាក់ដឹកនាំខេត្ត ជាពិសេសឯកឧត្តម លោកជំទាវ ដែលជាអភិបាលរងខេត្ត ទទួលបន្ទុកតាមបណ្តាមន្ទីរ វិស័យជំនាញនានាក្នុងខេត្ត ដើម្បីបំផុសឲ្យមានការចូលរួមគាំទ្រឲ្យកាន់តែខ្លាំងក្លាថែមទៀត ក្នុងការកៀរគរស្វែងរកមូលនិធិ ដើម្បីជួយទ្រទ្រង់សម្មភាពមនុស្សធម៌ក្នុងខេត្ត ។

បន្ថែមពីនេះ ឯកឧត្តម ប្រធានក៏បានជម្រុញឲ្យអាជ្ញាធរស្រុក ក្រុង ត្រូវបង្កើនការយកចិត្តទុកដាក់ឲ្យបានខ្លាំងថែមទៀត ក្នុងការចូលរួមបំផុសផ្សព្វផ្សាយដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងគ្រប់អាជីវករ សិប្បករ ប្រកបអាជីវកម្ម -សិប្បកម្ម និងតាមគ្រឹះស្ថាននានា ដែលមានក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីជម្រុញលើកទឹកចិត្តឲ្យពួកគេបានចូលរួមបរិច្ចាគនូវធនធានថវិកា ទោះតិចក្តីច្រើនក្តី គឺជាទឹកចិត្តសប្បុរសធម៌របស់បងប្អូន ដើម្បីរួមចំណែកជាមួយនឹងសកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង  ៕

ដោយ ៖ សាលី

CATEGORIES
Share This