កូនអកតញ្ញូម្នាក់ យកដែកកេះដុតផ្ទះឪពុកម្តាយខ្លួនឯងចោល ចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួន
បាត់ដំបង ៖ កូនអកតញ្ញូម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយធ្វើសកម្មភាពដុតបំផ្លិចបំផ្លាញផ្ទះ និងទ្រព្យសម្បត្តិរបស់ឪពុកម្តាយ ឆេះអស់ទាំងស្រុង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៧និង២០នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០៨ ភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ស៊ិន កក្កដា ភេទប្រុស អាយុ៣៣ឆ្នាំ បានធ្វើសកម្មភាពដោយយកដែកកេះ ដុតផ្ទះរបស់ឪពុកឈ្មោះ គាត សុខ ភេទប្រុស អាយុ៦១ឆ្នាំ និងម្តាយឈ្មោះ ណាំ ស្រី អាយុ ៦១ឆ្នាំ ដែលមានទំហំ ៦ម៉ែត្រ គុណនឹង១១ម៉ែត្រ សង់អំពីថ្មក្រោមឈើលើ ដំបូលប្រក់ស័ង្កសី ឆេះខូចខាងទាំងស្រុង រួមជាមួយសម្ភារៈនៅក្នុងផ្ទះមាន ៖ គ្រែឈើបេងចំនួន០៣, សាឡុង ចំនួន០៣, ទូរឈើចំនួន០២, តុឈើ ចំនួន០៣, ម៉ាស៊ីនបោកខោអាវ ចំនួន ០១គ្រឿង, ទូរទឹកកក ចំនួន០១គ្រឿង, លុយចំនួន ១០០ដុល្លារ, ខ្សែកផ្លាកទីន ចំនួន ០១ខ្សែ, ខ្សែដៃផ្លាកទីន ចំនួន០១ខ្សែ, ខោអាវ កន្ទេល ពូក មុង ភួយ និងសម្ភារៈមួយចំនួនទៀតឆេះខូចខាតទាំងស្រុង សរុបជាទឹកប្រាក់អស់ចំនួន ប្រហែល ៥០.០០០ដុល្លារ (ប្រាំម៉ឺនដុល្លារ) ។
បន្ទាប់ពីទទួលបណ្ដឹងជនរងគ្រោះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព បានយករថយន្តពន្លត់អគ្គីភ័យ ចេញអន្តរាគមន៍បាញ់ពន្លត់ ដោយប្រើប្រាស់អស់ទឹកចំនួន ០១រថយន្ត និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ដែលជាជនប្រើប្រាស់ថ្នាំញៀន រួមជាមួយវត្ថុតាង ៖ ដែកកេះពណ៌ត្រួយចេក ចំនួន០១, កាំបិតកញ្ចែត ដងដែក ចំនួន០១ផងដែរបញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូនដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ ៖ សាលី