បងប្អូន២នាក់ លួចម៉ូតូអ្នកដទៃ ត្រូវអាវុធហត្ថ ឃាត់ខ្លួនបញ្ជូនទៅតុលាការទាំងពីរនាក់

ភ្នំពេញ ៖ បងប្អូនបង្កើត ២នាក់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាបឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចម៉ូតូអ្នកដទៃ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នៅចំណុច ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ច បានឲ្យដឹងថា ភ្លាមៗក្រោយទទួលបានព័ត៌មាន តាមប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍២៤ម៉ោង លេខ ១២៩១ អំពីករណីចោរលួចម៉ូតូ នៅចំណុចខាងលើ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌក្នុងរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវតាមស្វែងរកជនសង្ស័យ រហូតមកដល់វេលាម៉ោង២១និង៣០នាទី ថ្ងៃដដែល កម្លាំងជំនាញអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយ អាវុធហត្ថខណ្ឌសែនសុខ បានឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចផ្លូវ២០០៤ ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ដោយចាប់យកវត្ថុតាង ម៉ូតូ០១គ្រឿងម៉ាក ធូដេ ពណ៌ផ្កាឈូក ស៊េរី២០១១ ស្លាកលេខ ភ្នំពេញ 1IJ-5405 ជារបស់ជនរងគ្រោះ បានប្រគល់ជូនម្ចាស់ដើមវិញ ។

ជនសង្ស័យទាំង០២នាក់ ជាបងប្អូនបង្កើតនឹងគ្នា មានឈ្មោះ៖ ១-ឈ្មោះ វុត សំណាង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
២-ឈ្មោះ វុត សុខា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ពួកគេទាំងពីរនាក់ ឆ្លើយសារភាពថា មិនធ្លាប់ដែលលួចម៉ូតូពីមុនមកឡើយ ។

បច្ចុប្បន្ន ជនសង្ស័យទាំង ០២នាក់ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

CATEGORIES
Share This