សង្ស័យប្រតិកម្មថ្នាំ យុវជនម្នាក់បានស្លាប់ ក្រោយគ្រូពេទ្យតាមភូមិម្នាក់ ដាក់សឺរ៉ូមបានជាង ២ម៉ោង
បន្ទាយមានជ័យ ៖ យុវជនម្នាក់បានស្លាប់ ក្រោយមានអាការៈអស់កម្លាំង ហៅគ្រូពេទ្យចាក់ថ្នាំតាមភូមិម្នាក់ មកដាក់សឺរ៉ូម បានជាង២ម៉ោង ក៏ប្រតិកម្មស្លាប់ទាំងសឺរ៉ូម ។
ករណីនេះកើតឡើង កាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ដោយយុវជនម្នាក់ឈ្មោះ ឡាប ប៊ុនទី ភេទប្រុស អាយុ៣៣ឆ្នាំ បានស្លាប់ក្រោយពេលមានអាការៈអស់កម្លាំង ហើយឪពុក បានហៅគ្រូពេទ្យឈ្មោះ ហៀង នៅ ដែលមានទីលំនៅភូមិយីឡិក ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មកព្យួរសឺរ៉ូម លុះព្យួរបានប្រមាណជា ២ម៉ោង យុវជនរងគ្រោះបានប្រកាច់ស្លាប់ទាំងជាប់សឺរ៉ូមតែម្តង ។
តាមឪពុកជនរងគ្រោះ បានឱ្យដឹងនៅក្នុងពិធីបុណ្យសពកូនប្រុស ថា រូបលោកស្ទឺរតែមិនជឿថា កូនរបស់គាត់ស្លាប់ ទាំងដែលមិនមានជំងឺអ្វីសោះ ដោយគ្រាន់តែកូនអស់កម្លាំង លោកក៏ហៅពេទ្យ ខាងលើ មកព្យួរសឺរ៉ូម រួចហើយលោកបានបើកឡានទៅប៉ោយប៉ែត ហើយក៏ត្រូវអ្នកផ្ទះ ខលប្រាប់ថា កូនបានស្លាប់បាត់ទៅហើយ ធ្វឲ្យរូបលោក ស្ទឺរតែបើកឡានមកមិនដល់ផ្ទះ ។ លោកបន្តថា ពេទ្យខាងលើ លោកតែងតែហៅមកព្យាបាលអ្នកផ្ទះជារើយ ៗ តែលើកនេះមិនដឹងជាមូលហេតុអ្វី បានទៅជាយ៉ាងហ្នឹង ។
រហូតមកដល់រសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ ដោយសារតែមិនអស់ចិត្ត នឹងការស្លាប់របស់កូន ឪពុកជនរងគ្រោះ ក៏បានរាយការណ៍ជូនសមត្ថកិច្ច ហើយសមត្ថកិច្ចនគរបាលរបស់ស្រុកមង្គលបូរី រួមមាន ៖ កម្លាំងប៉ុស្តិ៍ កម្លាំងអធិការស្រុក កម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីសុខាភិបាលស្រុកប្រតិបត្តិមង្គលបូរី បានចុះមកសាកសួរ និងពិនិត្យសាកសព តែពុំមានការសន្និដ្ឋាន ថា ការស្លាប់នេះបណ្តាលមកពីអ្វីនោះទេ ។ តែនៅរសៀលថ្ងៃដដែលនេះ គ្រូពេទ្យឈ្មោះ ហៀង នៅ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ហៅទៅ សាកសួរនៅនឹងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយនាង ។ ក្នុងពិធីបុណ្យសពនេះដែរ គេឃើញប្រពន្ធគ្រូពេទ្យដែលព្យួរសឺរ៉ូមបណ្តាឱ្យមនុស្សស្លាប់ខាងលើ បានមកចូលរួមក្នុងពិធីបុណ្យសព ដោយបាននាំយកបច្ច័យ ចំនួន៥លានរៀល ចូលរួមកម្មវិធីបុណ្យផងដែរ ។
ករណីនេះលោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ នៅមិនទាន់អះអាង ថា បុគ្គលពេទ្យខាងលើ ជាបុគ្គលពេទ្យក្របខ័ណ្ឌរដ្ឋ ឬជាពេទ្យដែលគ្មានវិជ្ជាជីវះនោះទេ ហើយការស្លាប់នេះ បណ្តាលមកពីមូលហេតុអ្វីនោះដែរ ព្រោះលោកនៅមិនទាន់ទទួលបានរបាយការណ៍ ពីស្រុកនៅឡើយទេ ។
តែបើតាមប្រភពខ្លះ បាននិយាយថា គ្រូពេទ្យខាងលើ ជាពេទ្យមកពីជុំរុំ មិនមានវិជ្ជាជីវះ ឬក្របខ័ណ្ឌជាពេទ្យរដ្ឋទេ ហើយតែងតែដើរព្យាបាល ចាក់ថ្នាំ ព្យួរសឺរ៉ូម ឲ្យអ្នកនៅមូលដ្ឋាន ដោយភាគច្រើន អ្នកភូមិស្គាល់ច្បាស់ ៕