ក្មេងប្រុស ២នាក់ស្លាប់ និងស្រ្តីម្នាក់រងរបួសធ្ងន់ ដោយសារន្ទះបាញ់ នៅខេត្តបាត់ដំបង

បាត់ដំបង ៖ យ៉ាងហោចណាស់ក្មេងប្រុស ២នាក់ បានស្លាប់ និងស្ត្រីម្នាក់រងរបួសធ្ងន់ ព្រមទាំងសត្វពាហនៈ និងលំនៅឋានប្រជាពលរដ្ឋ ជាច្រើនត្រូវបានបំផ្លាញ ក្នុងហេតុការណ៍ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ច បានអោយដឹងថា កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ខេត្តបាត់ដំបង មានភ្លៀងធ្លាក់មួយមេលាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះផងនោះ បានបាញ់ និងបក់បោកគ្រប់ដណ្តប់ទៅលើភូមិសាស្ត្រជាច្រើន ដែលក្នុងនោះមានក្រុងស្រុកចំនួន០៣ បានរងផលប៉ះពាល់ ធ្វើអោយមនុស្សប្រុសស្រី០៣នាក់ សត្វគោ០១ក្បាល បានស្លាប់ និងរបួស ចំណែកផ្ទះ និងសាលារៀនជាច្រើនខ្នងរងការខូចខាត ។

របាយការណ៍ដដែល បានបញ្ជាក់ថា ក្នុងចំណោមក្រុងស្រុក ដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ ក្នុងនោះមាន ៖ ស្រុករុក្ខគីរី ហេតុការណ៍រន្ទះបាញ់ បណ្តាលអោយមានគ្រោះថ្នាក់ស្លាប់ ក្មេងប្រុស ០២នាក់ និងស្ត្រីម្នាក់រងរបួសធ្ងន់ ខណៈដែលពួកគេ កំពុងបេះព្រីង និងដេញគោចូលក្រោល នៅពេលមេឃកំពុងភ្លៀង ។ ស្រុកឯកភ្នំ រងការខូចខាតរបើកដំបូលអគារសាលារៀនចំនួន ៤បន្ទប់ ,របើកដំបូលផ្ទះ០១ខ្នង និងរន្ទះបាញ់ងាប់សត្វគោ០១ក្បាល , ដោយឡែកក្រុងបាត់ដំបង  បណ្តាលអោយរងការខូចខាតរបើកដំបូលផ្ទះ១ខ្នងផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This