ទាហានថៃចាប់បញ្ជូនពលករខ្មែរជាង ៤០០នាក់ទៀតមកកាន់ស្រុកកំណើត
ខេត្តបាត់ដំបង ៖ ពលករខ្មែរប្រុសស្រីជាង ៤០០នាក់ទៀតត្រូវបានទាហានថៃចាប់បញ្ជូនប្រគល់ត្រឡប់មកស្រុកកំណើតវិញក្រោយរកឃើញថាពួកគាត់លួចឆ្លងដែនដោយគ្នានច្បាប់អនុញ្ញាត។
លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ បានអោយដឹងថា ដោយអនុវត្តន៍តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំស្ដីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញា មេខ្យល់នាំពលករចេញដោយមិនស្របច្បាប់ក្នុងភូមិសាស្រ្ត ជាក់ស្តែងនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ
លោកបានចាត់កម្លាំងប៉ុស្តិ៍គីឡូ១៣ សហការជាមួយកម្លាំងយោធាផ្នែកសឹករងសំពៅលូន កម្លាំងយោធាវរសេនាតូចលេខ៥៣៣និងក្រុមគ្រូពេទ្យ ទៅទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកត្រង់ភូមិសាស្ត្រភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
បន្ទាប់ពីសាកសួរកត់ឈ្មោះរួចឃើញថា ពលករខ្មែរដែលទទួលត្រឡប់មកស្រុកកំណើតនាថ្ងៃនេះសរុបមានចំនួន ៤១០នាក់ ក្នុងនោះ ស្រី ១៤៨នាក់ និងក្មេង៥៤នាក់ ត្រូវបានក្រុមគ្រូពេទ្យធ្វើតេសរហ័ស ជាលទ្ធផលអវិជ្ជមាន និងមានប័ណ្ណចាក់វ៉ាក់សាំងស្គែនចេញត្រឹមត្រូវទាំងអស់ បន្ទាប់មកក្រុមគ្រូពេទ្យបានអនុញ្ញាតអោយបងប្អូនត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួន។