អភិបាលខេត្តព្រះវិហារ ព្រមានដកមន្រ្តីណាពាក់ព័ន្ធបទល្មើសព្រៃឈើ

ព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់មន្រ្តីពាក់ព័ន្ធក្នុងខេត្តទាំងអស់ ចូលរួមទប់ស្កាត់បទល្មើសព្រៃឈើ ដើម្បីបង្ក្រាបឲ្យបានទាំងជនល្មើស និងអ្នកពាក់ព័ន្ធ។

ក្រោយមានបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពល​ខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ ​និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជុំវិញការដាក់ចេញវិធានការបន្ថែមលើបញ្ហា​បទល្មើសព្រៃឈើ កាលពីថ្មីៗនេះ ដោយបាន​បញ្ជាយ៉ាងដាច់ណាត់​ដល់គ្រប់សមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវសហការអន្តរាគមន៍​បង្ក្រាបឲ្យបានទាន់ពេលវេលា។

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាក់ថា «ស្រាវជ្រាវប្រមូលព័ត៌មានពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ក្នុងនោះពាក់ព័ន្ធនឹងជនល្មើស​ និងអ្នកពាក់ព័ន្ធ រួមទាំងមន្រ្តី​ឃុបឃិត​ជាមួយជនល្មើសទាំង​មន្រ្តីជំនាញ ​និងមូលដ្ឋាន»

នាយឧត្តមសេនីយ៍ សៅ សុខា សង្កត់ធ្ងន់ថា «តាមដានគ្រប់សកម្មភាព​មធ្យោបាយ សកម្មភាព​ស្របច្បាប់របស់ក្រុមហ៊ុនដែលមានច្បាប់អនុញ្ញាត​ពីរាជរដ្ឋាភិបាល ជាពិសេសព័ត៌មាន​អំពី​និយាមកាដែល​រាជរដ្ឋាភិបាលផ្តល់សម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុន ដោយសហការជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ»

ក្រោយមានបទបញ្ជាខាងលើ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ​បានអះអាង និង​បញ្ជាភ្លាមៗយ៉ាងដូច្នេះថា «ទី១ អភិបាលខេត្តព្រះវិហារ មិនយកលុយមួយរៀលពីឈ្មួញឈើទេ ​ទី២ សូមទប់ស្កាត់ឲ្យបាននូវបទល្មើសព្រៃឈើ ទី៣ បើមានមន្រ្តីពាក់ព័ន្ធនឹងមានវិធានការដកមន្រ្តី​នោះចោលតែម្តង»

ជាមួយបទបញ្ជានេះ នាយឧត្តមសេនីយ៍ សៅ សុខា ណែនាំដល់​អាជ្ញាធរមានសមត្ថកិច្ចត្រូវ​ប្រតិបត្តិការ​ជាមួយអាជ្ញាធរខេត្ត ​ដោយសហការបញ្ជាកម្លាំងស្រុកចេញ​ទៅតំបន់ព្រៃអភិរក្ស ហើយ​ត្រៀមកម្លាំងអន្តរាគមន៍ សម្រាប់ ចេញប្រតិបត្តិការរាល់ពេលទទួលបានព័ត៌មានទាំងក្នុង​ខេត្តព្រះវិហារ ក្រចេះ និងកំពង់ធំ។

នាយឧត្តមសេនីយ៍ សៅ សុខា បន្ថែមថា ចំពោះការអនុវត្តច្បាប់ដោយមន្រ្តីនគរបាលយុត្តិធម៌ ដីព្រៃអភិរក្សត្រូវអនុវត្តដោយមន្រ្តីបរិស្ថាន​ ដីអភិវឌ្ឍន៍​ និងព្រៃអភិវឌ្ឍន៍​អនុវត្តដោយមន្រ្តីបរិស្ថាន ប៉ុន្តែត្រូវសហការជាមួយមន្រ្តីក្រសួងពាក់ព័ន្ធ ​ដើម្បីកសាងសំណុំរឿងអនុវត្តទៅតាមផ្លូវច្បាប់៕ 

CATEGORIES
Share This