សម្ដេចតេជោ ប្រកាសហាមប្រាមដល់មន្រ្ដី​ ត្រូវប្រយ័ត្នចំពោះការចុះហត្ថលេខាលើដីកម្របព្រៃឈើ និងដីអភិរក្ស

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំដាច់ខាត​ដល់​មន្រ្ដី​ត្រូវប្រយ័ត្នចំពោះការចុះហត្ថលេខាលើដីកម្របព្រៃឈើ ​និងដីក្នុងដែនអភិរក្ស។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីបិទ និងបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការនៅសាលាភូមិន្ទរដ្ឋបាល នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ។

ក្នុងនោះដែរសម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យមន្រ្ដីនៅតាមបណ្ដាខេត្ត យកចិត្តទុកដាក់ដោះ​ស្រាយវិវាទ​របស់​ប្រជាពលរដ្ឋ​ដែលកើតមានឡើងតាមរយៈការដោះស្រាវវិវាទក្រៅប្រព័ន្ធតុលាការ ដោយការសម្របសម្រួល ហើយដើម្បីធានាបានលើបញ្ហានេះមន្រ្ដីគឺ ត្រូវឈរនៅលើចំណុចកណ្ដាល។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរម្លឹកដល់មន្រ្ដីទាំងអស់ថា មន្រ្ដីត្រូវរម្លឹកខ្លួនឯងជានិច្ចថា មន្រ្ដីគឺធ្វើជាអ្នកបម្រើប្រជាជន មិនមែនជាចៅហ្វាយប្រជាជនទេ កុំបានធ្វើមន្រ្ដីហើយប្រើអំណាចទាំងទទឹងទិសឱ្យសោះ។

សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់លើការបំពេញការងាររបស់​មន្ត្រីរាជការនៅតាមក្រសួង ​និងស្ថាប័នសាធារណៈព្រោះជាធាតុដ៏សំខាន់ក្នុង​ការងារអភិបាលកិច្ច​របស់រដ្ឋ។

ក្នុងឱកាសនោះ សម្ដេចតែងតែផ្តល់នូវឱវាទ និងអនុសាសន៍នានាដល់មន្ត្រីរាជការក្នុងការ​បំពេញ​ការងារ ​ឬផ្តល់សេវាសាធារណៈទាំងឡាយឱ្យបានល្អប្រសើរដល់ប្រជាពលរដ្ឋទូទាំង​ប្រទេសកម្ពុជា។

សម្ដេចបញ្ជាក់ថា កម្ពុជានៅមានការកែទម្រង់ជាច្រើនថែមទៀត ដូច្នេះមន្រ្ដីទាំងអស់​ត្រូវធ្វើការងារ​តាមឱ្យទាន់សភាពការណ៍ហើយការសម្រេចចិត្តនានា គឺត្រូវឈរលើការសម្រេចចិត្តរួមគ្នា និងគិត​ដល់ផល​ប្រយោជន៍ប្រជាជនជាចំបង ​ជាពិសេសមន្រ្ដីរាជការ គឺត្រូវខិតខំពង្រឹងក្រមសីលធម៌ សុជីវធម៌ សីលធម៌របស់ខ្លួនឱ្យបានល្អដើម្បីបម្រើប្រជាជន៕

CATEGORIES
Share This