ព្រះវិហារ ៖ យោងតាមសារព័ត៌មានក្នុងស្រុកមួយ បានឲ្យដឹងថា លោកឧត្តសេនីយ៍ ឌួង ពេជ្យ មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ បើកបនល្បែងស៊ីសងភ្នាល់ដាក់លុយរាប់សិបលាន អ្នកញៀនស្រែកហ៊ោកញ្ជ្រៀវ យ៉ាងទ្រហឹងអឺងកង ។
ប្រភពដដែល បានបន្ដថា បនល្បែងដុះស្លែមួយកន្លែងនេះ ស្ថិតនៅភូមិរុងរឿង៥ ឃុំមរកតស្រុកជាំក្សាន្ត នៃខ្សែបន្ទាត់ព្រំដែនសមរភូមិមុខទិសទី១ ខេត្តព្រះវិហារ មានពលរដ្ឋខ្មែរចូលលេងភ្នាល់យ៉ាងអានាធិបតេយ្យ។
ប្រភព បានបន្ដទៀតថា បនល្បែងនេះ ក្នុងមួយសប្ដាហ៍ គេបើកលេងតែមួយថ្ងៃប៉ុណ្ណោះ គឺថ្ងៃសុក្រ ក្រុមអ្នកញៀនល្បែងមកពីគ្រប់ទិសទី មិនថាទីជិត ឫឆ្ងាយនោះទេ…! តែងតែមកប្រមូលផ្គុំគ្នានៅក្រោយផ្ទះ លោកឧត្តសេនីយ៍ ឌួង ពេជ្យ ដែលជាកន្លែងសុវត្ថិភាពបំផុត ដើម្បីលេងល្បែងភ្នាល់ ប្រ ជល់មាន់ អាប៉ោង និងល្បែងយូគី។ សេចក្ដីរាយការណ៍ បានឲ្យដឹងថា វង់ល្បែងនេះ ភ្នាល់ដាក់លុយធំៗណាស់ គឺរាប់សិបលានរៀលឯណោះ…? ហើយសមត្ថកិច្ច និងអាជ្ញាធរ ដោយសារខ្លាចអំណាច និងឥទ្ធិពលលោកឧត្តមសេនីយ៍ ឌួង ពេជ្យ កុំថាឡើយរឿងបង្ក្រាប សូម្បីដើរក្បែរក៏មិនហ៊ានផង។
គួរបញ្ជាក់ថា ជាញឹកញាប់ មានប្រជាពលរដ្ឋរងគ្រោះ ដោយសារល្បែងភ្នាល់ខាងលើនេះ ប្ដីប្រពន្ធខ្លះ លែងលះ , ខ្លះចាញ់អស់ដីស្រែចំការ ខ្លះទៀតចំណាក់ស្រុកឆ្លងដែនខុសច្បាប់ចូលទៅកាប់ឈើក្រញូង ដែលប្រឈម និងការបាញ់សម្លាប់និងរងរបួសពិការភាពអស់មួយជីវិត និងការចាប់ខ្លួនដាក់ពន្ធនាគារពីសំណាក់ទាហានថៃ។
ទាក់ទិន និងព័ត៌មានខាងលើនេះ យើងមិនអាចស្វែងរកការបំភ្លឺពីលោកឧត្តមសេនីយ៍ទោ ឌួង ពេជ្យ មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣បានទេ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨នេះ ។ អង្គភាពយើង និងរងចាំការបំភ្លឺរាល់ម៉ោងធ្វើការ…!៕
និពន្ធដោយ ៖ 096 49 39 998