គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន សន្និបាតបូកសរុបលទ្ធផលការងារគណបក្សប្រចាំឆ្នាំ២០២២ និងលើកទិសដៅភារកិច្ចបន្ត ឆ្នាំ២០២៣

ប៉ៃលិន៖ ឯកឧត្តម អ៊ី ឈាន សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តប៉ៃលិន កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារគណបក្សប្រចាំឆ្នាំ២០២២ និងលើកទិសដៅភារកិច្ចបន្ត ឆ្នាំ២០២៣ របស់គណបក្សប្រជាជនកម្ពុជា ខេត្តប៉ៃលិន ។

លោកជំទាវ បាន ស្រីមុំ សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា  និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានអានរបាយការណ៍ ស្តីពីសកម្មភាពការងារប្រចាំ ឆ្នាំ២០២២ និងលើកទិសដៅភារកិច្ច របស់គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ព្រមទាំងអានសេចក្តីសម្រេចរបស់គណៈ អចិន្ត្រៃយ៍ នៃគណៈកម្មាធិការ កណ្តាល លេខ ២៤៣ /០៣២៣/សស.គក ស្តីពីការតែងតាំងបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើស តាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅមណ្ឌលប៉ៃលិន គឺ ឯកឧត្តម អ៊ី ឈាន ជាបេក្ខជនពេញសិទ្ធិ និងបេក្ខជន បម្រុង ចំនួន ៤រូប ១-ឯកឧត្តម សៅ សារ៉ាត់ ២-ឯកឧត្តម ហុក សុផល ៣-ឯកឧត្តម រាម សុមាន និង៤-ឯកឧត្តម ឌិន គឹម ។

ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍លើកឡើងថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានសម្រេចសមិទ្ធផលធំៗជាច្រើន មានជាអាទិ៍ ខឿនឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងអំណាចរដ្ឋ ត្រូវបានថែរក្សាការពារយ៉ាងរឹងមាំ មានការកែទម្រង់ស៊ីជម្រៅ ទូលំទូលាយ និងបានជំរុញអនុវត្តដោយ ឆន្ទៈមុតស្រួច មានប្រសិទ្ធភាព ហើយកំណើនសេដ្ឋកិច្ចជាតិ នៅតែមានសន្ទុះទៅមុខ ទោះបីជាពិភពលោកត្រូវប្រឈមមុខនឹងជំងឺរាតត្បាតកូវីដ១៩ សង្គាមនៅអ៊ុយក្រែនក៏ដោយ។

ឯកឧត្តមប្រធាន បានមានប្រសាសន៍បន្តថា ដោយឡែកគណបក្សប្រជាជនកម្ពុជា ខេត្តប៉ៃលិន គ្រប់លំដាប់ថ្នាក់ បានប្រមូលផ្តុំអស់ស្មារតី កម្លាំងកាយចិត្ត រួមសាមគ្គីគ្នា ប្រយុទ្ធនឹងការរីករាលដាលជំងឺកូវីដ-១៩ ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ ជាពិសេសក្រុមការងារគណបក្សគ្រប់ថ្នាក់ បានអនុវត្តនូវភារកិច្ចសំខាន់ៗជាច្រើន តាមសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ។

ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍ថា ដើម្បីបន្តពង្រឹងការជឿជាក់ និងមានការគាំទ្ររបស់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតឆ្នាំ២០២៣នេះ ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តកិច្ចការសំខាន់ៗមួយចំនួនដូចជា ការពង្រឹងអង្គការចាត់តាំងបក្ស ក្រុមការងារគណបក្ស និងការពង្រឹងពង្រីកសមាជិកបក្ស, ជំរុញអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពី ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព, បន្តពង្រឹងអភិបាលកិច្ចល្អនៅតាមស្ថាប័នសាធារណៈគ្រប់ថ្នាក់ ដើម្បីលើកកម្ពស់ការបម្រើប្រជាពលរដ្ឋ,និង ការពង្រឹងរដ្ឋបាលឃុំ សង្កាត់ និង ភូមិ ជាពិសេសបន្តជំរុញការងារចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញដល់ប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា ៕

CATEGORIES
Share This