លោក សៅ សំរិត ប្រគល់អំណោយ ជូនប្រជាពលរដ្ឋ ចំនួន ១០០គ្រួសារ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ លោក សៅ សំរិត ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោក ខាត់ ធា ចៅសង្កាត់និមត្ត ព្រមទាំងក្រុមការងារ បាននាំយកអំណោយ ចែកជូនប្រជាពលរដ្ឋជួបការលំបាក ១០០គ្រួសារ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ការនាំអំណោយនេះ ប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅបរិវេណវត្តរតនៈសុខសាន្ត អូរខៃដន ក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត តាមរយៈព្រះគ្រូ ព្រហ្មមោលី ណយណេត ព្រះចៅអធិការវត្តរតនៈសុខសាន្ត អូរខៃដន និងជាអនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ក្រុងប៉ោយប៉ែត ដែលអំណោយទាំងនេះ បានមកពីការឧបត្ថម្ភរបស់លោក Lie Qien Hua ហៅ Willy និងភរិយា ព្រមទាំងបុត្រ រស់នៅប្រទេសឥណ្ឌូនេស៊ី ។

អំណោយដែលត្រូវបានប្រគល់ជូន ប្រជាពលរដ្ឋទាំង ១០០គ្រួសារ នាឱកាសនោះ ក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ ចំនួន ១៥គីឡូក្រាម, មី ចំនួន ១កេស, ស៊ុតមាន់ ចំនួន ៣០គ្រាប់, ប្រេងឆា ចំនួន ១ដប, ទឹកត្រី ចំនួន ១ដប, ស្ករស ចំនួន ១,៥០គីឡូក្រាម និងថវិកា ចំនួន ២០០បាត ៕

CATEGORIES
Share This