មេបញ្ជាការទិសទី​១​ បន្ទាយមានជ័យ​ជួបសំណេះសំណាល ជាមួយយោធិនចូលសោធននិវត្តន៍ និងយោធិនពិការ

បន្ទាយមានជ័យ​ ៖ លោកឧត្តមសេនីយ៍ទោ ឈុន​ ម៉ៅ​ មេបញ្ជាការរងយោធភូមិភាគ​ទី៥ និងជាមេបញ្ជាការ ទិសទី​១​ បន្ទាយមានជ័យ​ បានជួបសំណេះសំណាល ជាមួយយោធិនចូលសោធននិវត្តន៍ និងយោធិនពិការ ចំនួន ២៦គ្រួសារ​ កាលពីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នៅទីបញ្ជាការការពារព្រំដែនគោក៥០៣ ។

លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បានលើកឡើងថាយោធិនចូលសោធននិវត្តន៍ និងយោធិនពិការ មានគុណបំណាច់ដ៏ធំធេងចំពោះជាតិ មាតុភូមិ និងប្រជាជន ទោះបី អ៊ុំ ពូ មីង និងបង ប្អូនបានចប់តួនាទី និងភារកិច្ចការពារជាតិក្តី ក៏គុណបំណាច់ដ៏ធំធេងនេះ បានបន្សល់ទុកឲ្យអ្នកជំនាន់ក្រោយមិនអាចបំភ្លេចបានឡើយ ។

ជាមួយគ្នានោះលោកឧត្តមសេនីយ៍ទោ​ ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ជូនចំពោះយោធិនសោធននិវត្តន៍ និង យោធិនពិការ ដែលជានិច្ចជាកាលតែងតែគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើងដែលបានរួមចំណែក ជាមួយសម្តេចតេជោ អនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព​ និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ ។

លោកឧត្តមសេនីយ៍ទោ​ ឈុន​ ម៉ៅ​ បានផ្តាំផ្ញើដល់យោធិនចូលសោធននិវត្តន៍ និងយោធិនពិការ បន្តវប្បធម៌ដ៏ល្អរបស់កងយោធពលខេមរភូមិន្ទ ដោយធ្វើខ្លួនឲ្យល្អ និងសម្របរស់នៅជាមួយអាជ្ញាធរមូលដ្ឋាន និងរក្សាសណ្តាប់សង្គម ចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីកសាងអភិវឌ្ឍជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ សូមអ៊ុំ ពូ មីង និងបង ប្អូន ត្រូវបំពេញកាតព្វកិច្ចជាពលរដ្ឋ និងអញ្ជើញចូលរួមបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យទី២៣ កក្កដា ឆ្នាំ២០២៣ នាខាងមុខឲ្យបានគ្រប់ៗគ្នា ។

ក្នុងដំណើរជួបសំណេះសំណាលនេះ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ ក៏បានពាំនាំអំណោយ​ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ជាគ្រឿងឧបភោគ​ បរិភោគ​ និងថវិកា​មួយចំនួន ជូនដល់យោធិនចូលសោធននិវត្តន៍ និងយោធិនពិការផងដែរ ៕

CATEGORIES
Share This