គណ:គ្រប់គ្រងវិទ្យាល័យហ៊ុន សែន សាលាក្រៅ រៀបចំពិធីសូត្រមន្តលើករាសី បួងសួងសុំសេចក្តីសុខសុវត្ថិភាព ជូនសិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិននាឱកាសបុណ្យចូលឆ្នាំថ្មីជិតមកដល់

ប៉ៃលិន ៖ គណៈគ្រប់គ្រងសាលាវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ លោក ឡូ លុយ អភិបាលរងស្រុកសាលាក្រៅ បានដឹកនាំលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស រៀបចំពិធីសូត្រមន្ត លើករាសីសម្រាប់សាលារៀន និងបួងសួងសុំសេចក្តីសុខសុវត្ថិភាព ជូនដល់សិស្សានុសិស្សទាំងអស់ ព្រមទាំងប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខិតជិតមកដល់ឱ្យជួបតែសំណាងល្អ។ លើសពីនេះសិស្សានុសិស្ស ជាពិសេសយុវសិស្ស ដែលរៀនថ្នាក់ទី៩ និងថ្នាក់ទី១២ បាននាំគ្នាបន់ស្រន់ ឱ្យការប្រឡងសញ្ញាបត្រសម្រាប់ឆ្នាំ២០២២-២០២៣ ខាងមុខនេះ ទទួលបានជោគជ័យគ្រប់ៗគ្នាខណ:ដែលលោកគ្រូ អ្នកគ្រូ ក៏លើកទឹកចិត្តឱ្យពួកគេទាំងអស់ ខិតខំប្រឹងប្រែងរៀនសូត្រឱ្យអស់លទ្ធភាព និងទៀងទាត់ផងដែរ។

លោក ឡូ លុយ ជាគណៈគ្រប់គ្រងវិទ្យាល័យហ៊ុន សែន សាលាក្រៅ និងជាអភិបាលរងស្រុកសាលាក្រៅ បានឱ្យដឹងថា ៖ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែខិតជិតមកដល់ ហើយសិស្សានុសិស្សទាំងអស់ ត្រូវឈប់សម្រាករយ:ពេលខ្លី ដើម្បីត្រៀមខ្លួនទទួលទេវតាឆ្នាំថ្មី ទើបខាងលោកបានដឹកនាំលោកគ្រូ អ្នកគ្រូ ធ្វើការរៀបចំនិមន្តព្រះសង្ឃចំនួន១៥អង្គ ដើម្បីសូត្រមន្តលើករាសីសម្រាប់សាលារៀន ពោលគឺលោកសង្ឃឹមថា នៅឆ្នាំក្រោយសិស្សវិទ្យាល័យនេះទាំងអស់ នឹងទទួលបានធនធានសិស្សពូកែទូទាំងប្រទេសបន្តទៀត ខណ:ដែលឆ្នាំមុនមានសិស្សពូកែនិទ្ទេសA ចំនួន៣នាក់។ លោកបន្តទៀតថា នេះជាការលើកទឹកចិត្តឱ្យសិស្សានុសិស្សចេះធ្វើបុណ្យទាន ដាក់បាត្រព្រះសង្ឃប្រគេនចង្ហាន់ ប្រគេនបច្ច័យ តាមសទ្ធាជ្រះថ្លារបស់ពួកគេ ដោយអ្នកខ្លះទិញទឹកសុទ្ធ នំ ចំណី ព្រមទាំងគ្រឿងម្ហូបអាហារផងដែរ។

ចំណែកលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ ដែលចូលរួមក្នុងកម្មវិធីនេះ បាននាំគ្នាលើកដៃបួងសួងទទួលពរជ័យពីព្រះសង្ឃ ដែលបានធ្វើការសូត្រធម៌ ប្រទានពរដល់ពួកគេ ឱ្យមានសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ កម្លាំងមាំមួន ជាពិសេសឱ្យជួបតែសំណាងល្អ រកទទួលទានសមប្រកប គឺសូមឱ្យសិស្សទាំងអស់ ក្នុងសាលារៀននេះ ប្រឡងជាប់គ្រប់ៗ គ្នា កុំបីមាននរណាម្នាក់ប្រឡងធ្លាក់នោះឡើយ។ លើសពីនេះ ក៏សូមឱ្យគ្រោះចង្រៃឆ្នាំចាស់ បានរលាយសាបសូន្យបាត់ពីទឹកដីខេត្តប៉ៃលិន និងប្រទេសកម្ពុជា ដូចជាជំងឺកូវីដ១៩ ក៏សូមឱ្យឆ្លងរាលដាលដល់ប្រជាពលរដ្ឋខ្មែរថែមទៀត៕

CATEGORIES
Share This