ឃាត់ខ្លួនក្មេងទំនើង ៥នាក់ ដេញវាយគ្នាតាមផ្លូវសាធារណៈ បង្កភាពអាណាធិបតេយ្យ

ពោធិ៍សាត់ ៖ ក្រុមក្មេងទំនើង ៥នាក់ ត្រូវបានកម្លាំងនគរបាលអធិការស្រុកវាលវែង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ប្រមោយ ធ្វើការបង្ក្រាបឃាត់ខ្លួន កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ ក្រោយធ្វើសកម្មភាពវាយតប់គ្នា តាមផ្លូវសាធារណៈ នៅចំណុចលើរផ្លូវ​ជាតិ​លេខ​៥៥ ស្ថិតនៅភូមិ​ប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

លោកវរសេនីយ៍ត្រី យន ប៊ុនធា អធិការរងនគរបាលស្រុកវាលវែង បានឲ្យដឹងថា ក្រុមក្មេងទាំង ០៥នាក់ មាន ៖ ១- ឈ្មោះ ទ ឆល ភេទប្រុស​ អាយុ២១ឆ្នាំ, ២-​ឈ្មោះ ស ឈត ភេទប្រុស អាយុ​២០ឆ្នាំ, ៣-​ឈ្មោះ​ញ សល ភេទប្រុស អាយុ​២៧​ឆ្នាំ​, ៤-​ឈ្មោះ រ រ ភេទប្រុស អាយុ​២០​ឆ្នាំ​, ៥-​ឈ្មោះ ឃ ប ភេទប្រុស អាយុ២១​ឆ្នាំ ។

ទាំង០៥នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនជាមួយវត្ថុតាង មួយចំនួនដូចជា ៖ ម៉ូតូ​ម៉ាក វីន​ន័រ ចំនួន០១គ្រឿង​, ម៉ូតូម៉ាក អុិចសិនទឺ ចំនួន០២ គ្រឿង​, ដែកទីប​ជ្រុង ចំនួន​០៤​ដើម​, ខ្សែក្រវាត់​ពណ៌ខ្មៅ ចំនួន​០១​មួយ​ ។

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង០៥នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕

CATEGORIES
Share This