ខេត្តកំពង់ស្ពឺ ត្រូវបានប្រកាសទទួលស្គាល់ ជាខេត្តជ័យលាភី ក្នុងការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទី៤ នៃព្រះរាជាណាចក្រកម្ពុជា

កំពង់ស្ពឺ ៖ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ កម្ពុជាបានធ្វើឱ្យមានការរីកចម្រើនយ៉ាងខ្លាំងចំពោះការកាត់បន្ថយ ការបន្ទោបង់ពាសវាលពាសកាល នៅតាមខ្នងផ្ទះក្នុងតំបន់ជនបទ ហើយចំនួនខ្នងផ្ទះ ដែលអនុវត្តការបន្ទោបង់ពាសវាលពាសកាល បានធ្លាក់ចុះពី ៦២% ក្នុងឆ្នាំ២០១០ មកនៅត្រឹមតែ១៦%ប៉ុណ្ណោះ ក្នុងឆ្នាំ២០២២ ។

ហើយជោគជ័យនេះ ក៏ដោយសារតែមានការគាំទ្រពីអ្នកពាក់ព័ន្ធទាំងអស់ ជាច្រើនទស្សវត្សមកហើយ ដោយបានធ្វើការ យ៉ាងយកចិត្តទុកដាក់នៅគ្រប់កម្រិត ក្នុងការពង្រឹងការរៀបចំស្ថាប័ន និងសមត្ថភាព ការអភិវឌ្ឍផែនការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ផែនការ ODF) ទូទាំងខេត្ត ដោយប្រើប្រាស់ឧបករណ៍ផ្សេងៗ ការអនុវត្តប្រព័ន្ធតាមដាន និងត្រួតពិនិត្យអនាម័យ ចលនាឱ្យមានការចូលរួមពីសហគមន៍ ការរៀនសូត្រ និងការផ្លាស់ប្ដូរបទពិសោធន៍ពី ការកំណត់នូវវិធីសាស្ត្រមូលដ្ឋានទីផ្សារអនាម័យ និងការផ្តោតការយកចិត្តទុកដាក់ដល់ក្រុម មនុស្សដែលងាយរងគ្រោះ និងលំបាកក្នុងការទទួលបានសេវា។នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទលោក អ៊ុក រ៉ាប៊ុន ក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការខេត្តកំពង់ស្ពឺ ទទួលបានជ័យលាភីជាខេត្តបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទី៤នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ។

លោក អ៊ុក រ៉ាប៊ុន បានបញ្ជាក់ថា ការសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល គឺជា សមិទ្ធផលដ៏ធំមួយរួចទៅហើយ ប៉ុន្តែនៅមានការងារជាច្រើនទៀតដែលយើងត្រូវធ្វើ ។ យើងត្រូវធានាថាគ្រួសារទាំងអស់មានបង្គន់អនាម័យ និងប្រើប្រាស់ បង្គន់អនាម័យគ្រប់គ្នាដើម្បីសម្រេចបាននូវការទទួលបានសេវាអនាម័យកម្រិតមូលដ្ឋានជាសកល និងរក្សាបាន និរន្តភាពនៃសេវាអនាម័យ។ យើងត្រូវការមួយជំហានទៀតដើម្បីសម្រេចបានសេវាគ្រប់គ្រងអនាម័យប្រកបដោយសុវត្ថិភាព លើសពីការប្រើប្រាស់បង្គន់ទៅជាការគ្រប់គ្រងកាកសំណល់លាមក ។

លោកថា ទន្ទឹមនិងភាពជោគជ័យនេះដែរ ក៏នៅមានបញ្ហាប្រឈមសំខាន់មួយទៀត គឺ ការរក្សាឱ្យមាននិរន្តភាពនូវស្ថានភាពការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ហើយ ត្រូវធានាថាបរិក្ខាទឹកស្អាត និងអនាម័យទាំងអស់មានភាពធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ។ ទាំងនេះ តម្រូវឱ្យមានភាពជាអ្នកដឹកនាំក្នុងតំបន់ ព្រមទាំងសមត្ថភាព បច្ចេកវិទ្យា និងគំនិតផ្តួចផ្តើមថ្មីៗក៏ដូចជា សកម្មភាពរួមគ្នាក្នុងចំណោមអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងវិស័យឯកជនផងដែរ ។

អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានលើកឡើងថាគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ចំនួនខ្នងផ្ទះដែលមាន ទឹកស្អាតហូប និង ប្រើប្រាស់មានចំនួន ១៤២.៦៤៦ខ្នង ដែលមានអត្រាគ្របដណ្ដប់ការផ្គត់ផ្គង់ទឹកស្មើនឹង ៧៣% ។ ក្នុងនោះអណ្ដូងស្នប់ចំនួន ៤.៦៥៤អណ្តូង អណ្ដូងលូចំនួន៣.៧០៤អណ្តូង ស្រះសហគមន៍ចំនួន ១.៧៣២ស្រះ អាងត្រងទឹកភ្លៀងសរុបចំនួន ២.៤៧៣អាង ប្រព័ន្ធចែកចាយទឹកចំនួន ៧៤កន្លែង ស្ថានីយ៍បន្សុទ្ធទឹកស្អាតសរុបចំនួន ២២កន្លែង។ជាមួយនោះចំពោះការងារលើកកម្ពស់អនាម័យជនបទនៅក្នុងខេត្តកំពង់ស្ពឺរួមមាន ខ្នងផ្ទះដែលមានបង្គន់អនាម័យ ប្រើប្រាស់ចំនួន១៨២.៤៩៩ ខ្នង នៃចំនួនខ្នងផ្ទះ សរុប ១៩៥.៤០៦ខ្នង។ខ្នងផ្ទះប្រើបង្គន់អនាម័យរួម ១២.៩០៧ខ្នង(ក្នុងនោះខ្នងផ្ទះក្រីក្រ៥.៤០៤)។ ចំនួនខ្នងផ្ទះបានលាងសម្អាតដៃនឹងសាប៊ូ ស្មើនឹង១០០% ចំនួនខ្នងផ្ទះសរុប ។

សូមបញ្ជាក់ផងដែរថា ស្ថានភាពក្រុង ស្រុក ដែលទទួលបានODFមាន ៖ ១ ស្រុកបសេដ្ឋទទួលបាន ODF នៅឆ្នាំ២០១៩, ២.ក្រុងច្បារមន ទទួលបាន ODF នៅឆ្នាំ២០២១ និងស្រុកចំនួន៦ទៀតរួមមាន ស្រុកគងពិសី ស្រុកឱរ៉ាល់ ស្រុកភ្នំស្រួច ស្រុកឧដុង្គ ស្រុកសំរោងទង និងស្រុកថ្ពង ទទួលបាន ODF នៅដំណាច់ឆ្នាំ២០២២ ។ កន្លងទៅពេលថ្មីៗនេះ ខេត្តកំពង់ស្ពឺក៏ទទួលបាននូវពានរង្វាន់អាស៊ានពីប្រទេសឥណ្ឌូនេស៊ីផងដែរ គឺនៅឃុំ យាយម៉ៅពេជ្យនិល ស្រុកភ្នំស្រួច (បង្គន់អនាម័យស្អាត) ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This