ឯកឧត្តម សុខ លូ នាំអំណោយកាកបាទក្រហម ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ១៨៤គ្រួសារ
បាត់ដំបង ៖ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យលកន្ត្រាក់ចំនួន ១៨៤គ្រួសារ ក្នុងស្រុកចំនួន៣ នៃខេត្តបាត់ដំបង ។
ឯកឧត្ដម សុខ លូ បានមានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។
ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានសំដែងនូវការសោកស្ដាយជាពន់ពេក ចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” ។
ឯកឧត្តមប្រធានបានអំពាវនាវអោយបងប្អូនមានការប្រុងប្រយ័ត្នចំពោះអាកាសធាតុ អគ្គិភ័យ និងពេលធ្វើផ្ទះសូមធ្វើអោយមាំ ចូលដាំដើមឈើដំណាំហូបផ្លែអោយច្រើនពិសេសនៅជុំវិញផ្ទះត្រូវសម្អាតបរិស្ថានអោយបានស្អាត និងសូមមានការប្រុងប្រយ័ត្នចំពោះអគ្គិភ័យនិងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូននាពេលនេះ ក្នុង០១គ្រួសារទទួលបាន ៖ អង្ករ២៥គីឡូក្រាម, ទឹកបរិសុទ្ធ១កេស, មី១កេស, ទឹកត្រី១យួរ, ត្រីខ១យួរ, មុង១ សំពត់តង់១ផងដែរ ៕
ដោយ ៖ សាលី