លោកជំទាវ បាន ស្រីមុំ នាំអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន និងជាអភិបាលខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ បាននាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ១៧៩គ្រួសារ ក្នុងស្រុកសាលាក្រៅ និងក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

លោកជំទាវ បាន ស្រីមុំ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ លោកជំទាវប្រធានគណៈកម្មាធិការសាខា បានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះមហន្តរាយ ដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះនោះឡើយ ។

លោកជំទាវប្រធានបានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញ នូវការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។

លោកជំទាវ ក៏បានក្រើនរំលឹកដល់លោកយាយ លោកតា អ៊ំពូមីងថា រដូវនេះ ជាចុងរដូវប្រាំងក្កៅហួតហែងខ្លាំង ពេលមានញភ្លៀងធ្លាក់ម្ដងៗ គឺលាយឡំដោយខ្យល់កន្ត្រាក់ ផ្គររន្ទះ។ ហេតុនេះ សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់។ ជាងនេះទៀតសុខភាពជារឿងសំខាន់ណាស់ សូមយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពផ្លាល់ខ្លួន និងកុមារតូចៗ ដែលពួកគាត់ងាយនឹងកើតជំងឺផ្សេងៗណាស់ក្នុងរដូវនេះ ។

លោកជំទាវក៍បានអំពាវនាវសូមបងប្អូនដែលមិនទាន់មានអត្តសញ្ញណប័ណ្ណ ឬមានអត្តសញ្ញាណប័ណ្ណដែលហួសសុពលភាព សូមអញ្ជើញធ្វើអត្តសញ្ញាណប័ណ្ណឱ្យបានគ្រប់២គ្នា។ លោកជំទាវ បញ្ជាក់បន្តថា មានសន្តិភាព ទើបយើងមានអ្វីៗ គ្រប់យ៉ាងដូចថ្ងៃនេះ យើងគ្រប់គ្នារស់នៅក្រោមម្លប់សន្តិភាព ហេតុនេះ សូមរួបរួមគ្នារក្សាសន្តិភាពឱ្យបានគង់វង្ស ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ១០០គីឡូក្រាម, ទឹកសុទ្ធ១កេស, មី១កេស, ត្រីខ១យួរ, តង់កៅស៊ូ១, ឃីត១(មុង១ សារ៉ុង១ ក្រមា២ អាវយឺត២ តង់កៅស៊ូ១ អាវភ្លៀង១ អាវរងា១ អាវយឺត២) និងថវិកា១គ្រួសារ១០ម៉ឺនរៀល អ្នករងគ្រោះធ្ងន់ធ្ងរទទួលបាន២០ម៉ឺនរៀល ៕

CATEGORIES
Share This