លោក ហ៊ុន ម៉ានី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវកៅស៊ូ ១៤ខ្សែប្រវែងជាង១៦៥គីឡូម៉ែត្រ ចំណាយថវិកាប្រមាណជាង១៥លានដុល្លា នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានគណកម្មាធិការទី៧ នៃរដ្ឋសភា បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវក្រាលកៅស៊ូ ផ្លូវបេតុង ចំនួន១៤ខ្សែ ប្រវែង ១៦៥.៦៣គីឡូម៉ែត្រ ស្ថិតនៅភូមិសេរីវ័ន្ត ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ។

លោក ហ៊ុន ម៉ានី បានលើកឡើងថា ការដាក់សម្ពោធឱ្យប្រើប្រាស់ផ្លូវ ១៦៥,៦៣គីឡូម៉ែត្រ ក្នុងខេត្តកំពង់ស្ពឺ ក្រោមគម្រោងសាងសង់របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជំហានទី២ នេះគឺជាកិច្ចខិតខំប្រឹងប្រែងថ្មីមួយទៀតរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋក្នុងខេត្ត ដែលបានចូលរួមអភិវឌ្ឍន៍សមិទ្ធផលថ្មីៗប្រកបដោយការទទួលខុសត្រូវខ្ពស់។ជាងនេះទៅទៀតរាល់សមិទ្ធិផល​ទាំង​អស់នៅក្នុងខេត្តកំពង់ស្ពឺគឺកើតចេញ​​​ពីតម្លៃ​នៃ​សន្តិភាពនិងស្ថេរភាពនយោបាយ។ហើយចំពោះសមិទ្ធិផលថ្មីដែលបាននិងកំពុងសម្ពោធដាក់ឱ្យប្រើប្រាស់និងបម្រើដល់ផលយោជន៍ប្រជាពលរដ្ឋទូទៅ។

អ្នកតំណាងរាស្ត្របន្តថាតាមរយៈនៃគម្រោងកែលម្អផ្លូវជនបទគឺពិតជាបានចូលរួមក្នុងការអភិវឌ្ឍនិងជំរុញកំណើនសេដ្ឋកិច្ច សង្គមកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជាពិសេសប្រជាជនដែលរស់នៅតាមបណ្តោយផ្លូវទាំងអស់ព្រមទាំងអ្នកធ្វើដំណើរទទួលបាននូវការកាត់បន្ថយក្នុងកម្រិតអតិបរមាពីការប៉ះពាល់ដល់សុខភាព។ហើយជាងនេះទៅទៀតគម្រោងក៏បានផ្តល់នូវកាលានុវត្តយ៉ាងច្រើន ក្នុងការអភិវឌ្ឍលើវិស័យកសិកម្ម ឧស្សាហកម្ម អប់រំ ទេសចរណ៍ សុខាភិបាល និងសេវាសង្គមផ្សេងៗទៀត មិនតែប៉ុណ្ណោះប្រជាពលរដ្ឋនៅជនបទអាចទទួលបានផលដោយផ្ទាល់ពីគម្រោងនេះដោយអាចធ្វើដំណើរបានគ្រប់រដូវកាលទៅកាន់ទីកន្លែងផ្សេងៗ និងការដឹកជញ្ជូនកសិផលរបស់ពួកគាត់ទៅកាន់ទីផ្សារដើម្បីលក់ដូររកប្រាក់ចំណូលបន្ថែមបង្កើតឡើងនូវកាលានុវត្តភាពសង្គម សេដ្ឋកិច្ចនៅតំបន់ជនបទនិងជំរុញការធ្វើសមាហរណកម្មរវាងទីក្រុងនិងជនបទឱ្យកាន់តែមានលក្ខណៈល្អប្រសើរឡើង សំដៅពង្រីកវិសាលភាពនិងកែលម្អគុណភាព សេវាសាធារណៈនៅតំបន់ជនបទ។

ជាងនេះទៅទៀតអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺលោក ហ៊ុន ម៉ានី បានបញ្ជាក់បន្ថែមថា ការអភិវឌ្ឍប្រទេសជាតិ ពិសេសក្នុងខេត្តកំពង់ស្ពឺយើងនេះ គឺជាមាគ៌ាក្នុងការបំពេញភារកិច្ច កាតព្វកិច្ចរបស់គណបក្សប្រជាជនកម្ពុជាគឺបម្រើជាតិ និងប្រជាជន តាមរយៈយុទ្ធសាស្រ្តនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  បានធ្វើអោយអ្នកវិនិយោគជឿជាក់និងដាក់ទុនវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះលោកក៏បានរំលេចផងដែរក្នុងនាមជាយុវជន អ្នកបន្តវេន យើងមិនគួរបំភ្លេចនូវសោកនាដកម្មនោះឡើយ យើងគប្បីមើលត្រឡប់ទៅអតីតកាល និងសិក្សារៀនសូត្រពីប្រវត្តិសាស្រ្ត និងធ្វើសកម្មភាព ការងារសព្វថ្ងៃដើម្បីយុវជន និងកូនចៅជំនាន់ក្រោយ។

ជាមួយនិងការដាក់សម្ពោធសមិទ្ធិផលផ្លូវ១៤ខ្សែ មានប្រវែងជាង១៦៥គីឡូម៉ែត្រនេះ អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សប្បុរសជន ដែលតែងតែគិតគូរពីប្រជាពលរដ្ឋ និងបានខិតខំកសាងសមិទ្ធផលនានាជូនដល់ប្រជាជនជាហូហែរ។តាម​រយៈ​សមិទ្ធិ​ផល​ទាំង​ឡាយ​ខាង​លើ​នេះ យើង​ក៏មិន​អាច​បំភ្លេច​បាន​នូវ​តម្លៃ​នៃ​សន្តិភាពនោះឡើយ ហើយតាមរយៈសន្តិភាពដែលយើងថែរក្សាបាន យើងនឹងអាចទទួលបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ទៀតក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

សូមជម្រាបជូនថា ក្នុងក្របខ័ណ្ឌខេត្តកំពង់ស្ពឺ ក្រសួងអភិវឌ្ឍន៍ជនបទបានសាងសង់ផ្លូវសរុបចំនួន ១៤ ខ្សែ ប្រវែង ១៦៥.៦៣ គីឡូម៉ែត្រ (ផ្លូវក្រាលកៅស៊ូ DBST ១៥៣.២៥ គីឡូម៉ែត្រ និងផ្លូវក្រាលកៅស៊ូ ផ្លូវបេតុង ១២. ៣៨ គីឡូម៉ែត្រ) ឆ្លងកាត់ ២៥ ឃុំ និង ៦ស្រុក សរុបថវិកា ១៥,១៥៤,០០០ (ដប់ប្រាំលានមួយរយហាសិបបួនពាន់) ដុល្លារអាមេរិក ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This