មន្ត្រីជំនាញអះអាងថាត្រីពុលក្នុងស្ទឹងព្រែកត្នោតបណ្តាលមកពីខ្វះអុកស៊ីសែន តែនិងអាចវិលទៅសភាពដើមវិញក្នុងពេលដ៏ខ្លី

កំពង់ស្ពឺ៖ មន្ត្រីជំនាញអគ្គនាយកដ្ឋានគាំពារបរិស្ថានបានអះអាងថា ត្រីពុលក្នុងស្ទឹងព្រែកត្នោតគឺបណ្តាលមកពីកង្វះអុកស៊ីសែនក្នុងទឹកដែលបង្កឡើងពីការបង្ហៀរកាកសំណល់ពុលចេញពីរោងចក្រកែច្នៃផ្លែស្វាយស្ថិតនៅផ្នែកខាងលើនៃស្ទឹងព្រែកត្នោត។

នៅក្នុងរបាយការណ៍បានឱ្យដឹងថា នៅមុខវេទិកាអុំទូកខេត្តកំពង់ស្ពឺមានប្រជាពលរដ្ឋជាច្រើន បាននាំគ្នាមកចាប់ត្រីដោយប្រើប្រាស់ឧបករណ៍ ច្បូក និងបង់សំណាញ់ កន្ត្រង ខណៈមានត្រីតូច ធំ ងើបឡើងអណ្តែតលើផ្ទៃទឹក ដោយមិនដឹងជាមូលហេតុអ្វី។ដោយមើលឃើញស្ថានភាពនេះ ក្រុមការងារខេត្តក៏បានបន្តចុះទៅពិនិត្យមើលស្ថានភាពទឹក នៅទំនប់ទឹករលាំងជ្រៃ ក្រោមការចូលរួមពីក្រុមការងារអគ្គនាយកដ្ឋានគាំពារបរិស្ថានសហការជាមួយតំណាងមន្ទីររ៉ែ និងថាមពលខេត្ត រដ្ឋបាលក្រុង សណ្តាប់ក្រុង សង្កាត់ ដើម្បីរកមូលហេតុដែលនាំឱ្យត្រីងើបអណ្តែតឡើង។នៅក្នុងប្រតិបត្តិអង្កេតលើករណីនេះមន្ត្រីនៃអគ្គនាយកដ្ឋានក៏បានយកសំណាកទឹកផ្ទាល់ទៅធ្វើវិភាគពិសោធន៍ ហើយបានរកឃើញ៣ចំនុចដែលផ្តើមឱ្យកើតមានករណីខាងលើ។ចំនុចទី១នៅទំនប់តាអួន ភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ទឹកក្នុងស្ទឹងគឺមានកំរិតអុកស៊ីសែនថយចុះទាប៣.៥DO កំរិតអុកស៊ីសែនរលាយក្នុងទឹកស្តង់ដាទូទៅ៤-៦DO។ចំនុចទី២នៅភូមិច្រកខ្លា ឃុំតាំងសំរោង ស្រុកភ្នំស្រួច(ចំណុចស្ទឹងជួប)ស្ទឹងតូច ទឹកហូរពីក្រាំងដឺវ៉ាយ បើតាមប្រជាពលរដ្ឋនៅតំបន់នោះបានប្រាប់ថា រយៈពេលបីថ្ងៃមកហើយ ដែលមានត្រីងាប់គួរសម ដែលបង្កពីជាតិពុលចេញពីរោងចក្រ កែច្នៃផ្លែស្វាយនៅខ្សែទឹកខាងលើ តែពេលនេះកំរិតអុកស៊ីសែនបានវិលមកជាធម្មតាវិញគឺ៥DOនិងស្របពេលដែលនៅផ្នែកខាងលើមានធ្លាក់ភ្លៀងច្រើននិងស្ទឹងធំ ហូរមកពីឱរ៉ាល់ ពុំមានជាតិពុល និងកំរិតអុកស៊ីសែនធម្មតា និងចំនុចទី៣ទំនប់ទឹករលាំងជ្រៃ ខ្សែទឹកខាងលើនិងខ្សែទឹកខាងក្រោម កំរិតអុកស៊ីសែនគឺ ៤DO អាចទទួលយកបាន។

ហើយបើយោងតាមការសនិ្នដ្ឋានរបស់ក្រុមការងារបានឱ្យដឹងថារយៈពេលប្រមាណជា៣-៤ថ្ងៃកន្លងមកនេះ កំរិតអុកស៊ីសែនរលាយក្នុងទឹកគឺមានកំរិតទាបបំផុត ដែលអាចធ្វើឱ្យត្រីរស់នៅក្នុងទឹកខ្វះអុកស៊ីសែនហើយបង្កឱ្យមានការស្លាប់ តែលទ្ធផលនេះនិងអាចប្រសើរឡើងវិញនិងវិលទៅរកសភាពធម្មតាក្នុងពេលដ៏ខ្លីខាងមុខ។

CATEGORIES
Share This