ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់២នាក់ ក្នុងហេតុការណ៍រថយន្តបើកបុកម៉ូតូ២គ្រឿង និងបន្តបុកចូលតូបប៉ះកង់ ប្រជាពលរដ្ឋ

បន្ទាយមានជ័យ ៖ យ៉ាងហោចណាស់មនុស្សម្នាក់ បានស្លាប់ និង២នាក់ទៀត បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តបើកបុកម៉ូតូ២គ្រឿង និងបន្តបុកចូលតូបប៉ះកង់ ប្រជាពលរដ្ឋ កាលពីរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្លូវចូលដុងអារញ្ញ ស្ថិតនៅក្នុងភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចផ្នែកនគរបាលចរាចរណ៍ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កដោយរថយន្តស៊េរីទំនើប ម៉ាក់ ALPHARO ពាក់ស្លាកលេខភ្នំពេញ 2BG-8088 ពណ៌ខ្មៅ បើកបរដោយបុរសជនជាតិខ្មែរមិនស្គាល់អត្តសញ្ញាណ ដឹកជនជាតិចិន ទិសដៅពីរលិចទៅកើត មកដល់ចំណុចផ្លូវបត់ចូលដុងអារញ្ញ បានរ៉េចង្កូត បុកម៉ូតូហុងដាឌ្រីម ២គ្រឿង និងបន្តបុកតូបលក់កាហ្វេមួយកន្លែង និងជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋ ប្រកបអាជីពប៉ះកង់ឡាន បណ្ដាលឱ្យមានមនុស្សម្នាក់ស្លាប់ និងរបួសធ្ងន់២នាក់ ត្រូវបានបញ្ជូនទៅជួយសង្គ្រោះ នៅឯមន្ទីរពេទ្យ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទីតាំងគ្រោះថ្នាក់ ធ្វើការវាស់វែង និងធ្វើកំណត់ហេតុយករថយន្ត និងម៉ូតូ មករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីរងចាំដោះស្រាយតាមនិតិវិធីច្បាប់ ៕

 

CATEGORIES
Share This