ឆេះអាគារកាសុីណូមួយ នៅចំនុចមុខផ្សារទឹកពុះ ក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ នៅវេលាម៉ោងជាង១០យប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ អគ្គីភ័យបានឆាបឆេះអាគារកាសុីណូមួយកន្លែង ដែលនៅជាប់ខាងជើងកាសុីណូផារ៉ាមិចមុខផ្សារលក់ចំណីអាហារទឹកពុះ ក្នុងតំបន់កាសុីណូផ្កាយ៥ ជិតអូរព្រំដែន ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ខណៈដែលភ្លើងកំពុងឆាបឆេះនេះ មានការភ្ញាក់ផ្អើលពីអ្នកទៅកំសាន្តលេង និងដើរទិញចំណីអាហារនៅផ្សារទឹកពុះ បានចោមរោមមើល ពិសេសអ្នកនៅក្នុងអាគារកាសុីណូ ដែលត្រូវភ្លើងឆាបឆេះ បានរត់ចេញពីក្នុងអាគា ។ ជាមួយគ្នានោះអ្នកនៅក្នុងអាគារកាសុីណូផារ៉ាមិច ម្ខាងផ្លូវពីអាគារដែលកំពុងឆេះ ក៏បានរត់ចេញពីក្នុងអាគារដែរ ។

ភ្លាមៗ រថយន្តពន្លតអគ្គីភ័យរបស់កាសុីណូ និងរបស់នគរបាលក្រុងប៉ោយប៉ែត បានទៅដល់និងអន្តរគមន៍បាញ់ពន្លត់ អាគារកាសុីណូដែលបានឆេះ ដែលជាអាគារកាសុីណូ និងសណ្ឋាគារដាយមិនសុីធី (DIAMOND CYTY) ។

ដោយមានការអន្តរាគមន៍ បាញ់ពន្លតទាន់ពេល នៅវេលាម៉ោង១០ និង៤៥នាទី យប់ថ្ងៃដដែល ស្ថានភាពភ្លើងឆេះត្រូវគ្រប់គ្រងបាន និងរលត់ទាំងស្រុង ៕

CATEGORIES
Share This