ឯកឧត្តម សុខ លូ បានណែនាំដល់រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព ត្រូវពិនិត្យលទ្ធភាពក្នុងការតែងតាំងតួនាទីដល់ស្រ្តីឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន

ខេត្តបាត់ដំបង៖ ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ ឆ្នាំ២០២៣ និងជួបសំណេះសំណាលជាមួយមន្រ្តីសាលាខេត្តបាត់ដំបងជាស្រ្តី ដែលធ្វើឡើងនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំដល់រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព ត្រូវពិនិត្យលទ្ធភាពក្នុងការតែងតាំងតួនាទីដល់ស្រ្តីឱ្យបានច្រើនតាមដែលអាចធ្វើទៅ បាន ហើយក៏ស្នើដល់បងប្អូនជាស្រ្តីទាំងអស់ត្រូវខិតខំប្រឹងប្រែងបង្កើនសមត្ថភាព និងចំណេះដឹង ដើម្បីចូលរួមយ៉ាងសកម្មក្នុងកិច្ចការអភិវឌ្ឍសង្គមជាតិ និងសេដ្ឋកិច្ច។

ឯកឧត្តមបានថ្លែងទៀតថា ក្រោមម្លប់សន្តិភាព និងកិច្ចអភិវឌ្ឍ ស្រ្តីកម្ពុជា ជាកម្លាំងចលករដែលបានរួមចំណែកនៃកំណើនសេដ្ឋកិច្ចកន្លងមក ហើយបច្ចុប្បន្នស្រ្តីមានកាលានុវត្តន៍ភាពក្នុងការអនុវត្តសិទ្ធិ ចំណេះដឹង ជំនាញ និងបច្ចេកទេសដែលជាមូលដ្ឋានគ្រឹះក្នុងការចូលរួមប្រកួតប្រជែងប្រកបដោយសក្ដានុពលនៅក្នុងសង្គមសេដ្ឋកិច្ចទីផ្សារក្រោមជាតិ និងនៅក្នុងតំបន់ ហើយក៏ជាអ្នកទទួលបានភាគផលពីកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេ និងក្រុមគ្រួសារមានភាពប្រសើរឡើង រួមចំណែកកាត់បន្ថយភាពក្រីក្រ និងងាយរងគ្រោះ។

ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់ភាគីពាក់ព័ន្ធទាំងអស់ត្រូវផ្តោតការយកចិត្តទុកដាក់ក្នុងការដោះស្រាយគម្លាតយេនឌ័រក្នុងវិស័យឌីជីថល ជាពិសេសបង្កើនការចូលរួមរបស់ស្រ្តី និងក្មេងស្រីក្នុងវិស័យឌីជីថល និងក្នុងការតភ្ជាប់ជាមួយបច្ចេកវិទ្យា របៀបវារៈស្ដារសេដ្ឋកិច្ចកម្ពុជា និងជំរុញកំណើនរយៈពេលវែងប្រកបដោយភាពធន់ និងបរិយាប័ន្ន។

CATEGORIES
Share This