សិស្សវិទ្យាល័យបន្ទាយឆ្មារ ១៥នាក់ទៀតហើយ មានអាការៈឈឺក្បាល ឈឺពោះ ក្អួត និងថប់ដង្ហើម ខណៈកំពុងរៀន

បន្ទាយមានជ័យ ៖ មានករណីសិស្សានុសិស្ស ចំនួន ១៥នាក់ រៀននៅវិទ្យាល័យបន្ទាយឆ្មារ ស្ថិតនៅភូមិស្រះជ្រៃ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានអាការៈឈឺក្បាល ឈឺពោះ ក្អួត និងថប់ដង្ហើមបង្កការភ្ញាក់ផ្អើល កាលពីម៉ោង៩ព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ហើយត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យស្រុក ។

យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងនៅថា សិស្សទាំង ១៥នាក់ ដែលមានអាការៈឈឺក្បាល ឈឺពោះ ក្អួត និងថប់ដង្ហើមនោះ មានសិស្សប្រុសចំនួន ២នាក់ និងសិស្សស្រីចំនួន ១៣នាក់ រៀនក្នុងវិទ្យាល័យបន្ទាយឆ្មារ ។ ក្រោយពីមានអាការៈឈឺក្បាល ឈឺពោះ ក្អួត និងថប់ដង្ហើម លោកគ្រូ អ្នកគ្រូ ក៏ដូចជាអាជ្ញាធរ សមត្ថកិច្ច និងអាណាព្យាបាល បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ។

ដោយឡែក បើតាមកការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ញ៉ែម ភិរម្យ ប្រធានមន្ទីរពេទ្យបង្អែកស្រុកកថ្មពួក បានឲ្យដឹងថា សិស្សទាំង ១៥នាក់នោះ តាមការសន្និដ្ឋាន មូលហេតុ បណ្តាលមកពីការហូបអាហារមិនទៀងពេល  បរិភោគទឹកមិនស្អាត សិស្សមួយចំនួន មានជំងឺប្រចាំកាយ ហើយអ្នកជំងឺជាមុខសញ្ញាដដែលៗ ដែលឆ្លាប់មានអាការៈបែបនេះ កាលពីថ្ងៃទី២៤ ខែកុម្ភៈ និងថ្ងៃនេះក៏មានកើតមានជំងឺនោះទៀត ហើយមានអ្នកកើតជំងឺនេះ ថ្មីចំនួន៧នាក់ សរុបគឺ ១៥នាក់ ។

លោកបញ្ជាក់ថា រហូតមកដល់រសៀលថ្ងៃដដែលនេះ មានសិស្សចំនួន ១៣នាក់ មានអាការៈធម្មតាឡើងវិញ និងបានត្រឡប់ទៅលំនៅឋានហើយ នៅសល់តែ ២នាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។

សូមបញ្ជក់ថា ហេតុការដូចគ្នានេះ បានកើតឡើងម្តងហើយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយលោកគ្រូអ្នកគ្រូ ក្រៅពីបញ្ជូនទៅមន្ទីរពេទ្យ ក៏បានធ្វើពិធីសែនព្រែង តាមអបិយជំនឿ តែនៅតែកើតមានករណីនេះទៀត ៕

CATEGORIES
Share This