នគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ០២នាក់ បញ្ជូនទៅតុលាការ ជាមួយថ្នាំញៀន មួយចំនួនធំ

បន្ទាយមានជ័យ ៖ ជនសង្ស័យ២នាក់ រួមនឹងថ្នាំញៀនមួយចំនួនធំ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ បានធ្វើការបង្រ្កាបឃាត់ខ្លួន និងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ទទួលការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយអនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លើការងារភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងមានការសម្របសម្រួលផ្ទាល់ដោយលោក សោ វុទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង០៤ និង២០នាទី រសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣  កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រួមនឹងកម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀននៃស្នងការ សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន (ក៧) បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ ចំនួន៣គោលដៅ ៖គោលដៅទី១ នៅចំណុចដីវាលមួយកន្លែង ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ សាន ប៊ុនថេត ភេទប្រុស អាយុ១៦ឆ្នាំ និងចាប់យកបានវត្ថុតាងម្សៅពណ៌សក្រាម ចំនួប០៦ថង់ធំ ,ទូរស័ព្ទដៃ០១គ្រឿង,ថ្នាំកញ្ចប់មានឡូហ្គោម៉ាក (សឺដែស) ចំនួន០២កញ្ចប់, ថ្នាំកញ្ចប់ពណ៌ក្រហមមានអក្សរ F3 រូបសេះ (ថ្នាំទឹកសប្បាយ) ចំនួន០១កញ្ចប់, ថ្នាំកញ្ចប់ពណ៌ក្រហម អុចៗ មានអក្សរ Supreme (ថ្នាំទឹកសប្បាយ) ចំនួន០១កញ្ចប់ ។ គោលលដៅទី២ បានបន្តចុះទៅកន្លេងការ៉ាអូខេ (ម៉ូលីណា) G9 KTV ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យបាន០១នាក់ទៀតឈ្មោះ សុខ ផល្លី ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដកហូតបានទូរស័ព្ទដៃ០១គ្រឿង និងរថយន្តម៉ាកុចស៊ីស RX 330 ពណ៌ស ០១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BB 0175 ។ ដោយឡែកគោលដៅទី៣ នៅវេលាម៉ោង១០ និង១៥នាទី ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ តាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោស្នងការ និងមានការសម្របសម្រួលពីលោក សោ វុទ្ធី ព្រះរាជអមជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងរបស់លោកបានបានបន្ត បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំណុចផ្លូវលំ ស្ថិតនៅភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដោយប្រើវិធានញោះញង់ កម្លាំងសមត្ថកិច្ចបានទំនាក់ទំនងជនសង្ស័យ និងណាត់កន្លែងប្រគល់ទទួលអីវ៉ាន់ ពេលទៅដល់ជនសង្ស័យបានរត់គេចខ្លួន ដោយបន្សល់ទុកតែវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន១២ថង់ធំ ។

លោកបន្តថា ជនសង្ស័យរួមនឹងវត្ថុតាងទាំងនោះ ត្រូវបានយកមកការិយាល័យប្រឆាំងគ្រឿងញៀន និងត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

CATEGORIES
Share This