នគរបាល ចុះបង្ក្រាប ទីតាំងកាស៊ីណូ១កន្លែង នៅសង្កាត់អូរឬស្សី រកឃើញថា ខុសពីការចុះផ្សាយរបស់សារព័ត៌មានមួយចំនួន

បន្ទាយមានជ័យ ៖ ក្រោយមានសារព័ត៌មាន មួយចំនួន បានចុះផ្សាយជាបន្តបន្ទាប់ ស្តីពីកាស៊ីណូ១កន្លែង នៅភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ថា មានពលរដ្ឋខ្មែរជាច្រើន បានចូលលេងល្បែងស៊ីសង ជល់មាន់ខុសច្បាប់ លុះពេលសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត បានចុះបង្រ្កាប បែរជាឃើញថា ខុសពីការចុះផ្សាយរបស់សារព័ត៌មានទៅវិញ ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានដាក់បទបញ្ជាដល់លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចុះស្រាវជ្រាវ និង ហៅម្ចាស់ទីតាំងសួនាំ ធ្វើកិច្ចសន្យាបញ្ឈប់ ដើម្បីបិទទីតាំងអាជីវកម្មមួយនេះ ។

ជុំវិញការចុះបង្រ្កាបនេះ លោកវរសេនីយ៍ឯក សៅ សារឿន បានឲ្យដឹងថា ជាលទ្ធផល ក្រោយចុះស្រាវជ្រាវពិនិត្យទីតាំងជាក់ស្តែង កាស៊ីណូ ឆាយណាថោន នៅចំនុចភូមិទួលពង្រ សង្កាត់អូរឬស្សី ជាកាស៊ីណូមានច្បាប់ និងអាជ្ញាប័ណ្ណត្រឹមត្រូវ មានបុគ្គលិកជាពលរដ្ឋខ្មែរ បម្រើការងារទីនោះជាច្រើនរូប ហើយកាស៊ីណូនេះ បានបិទទ្វារមិនធ្វើអាជីវកម្មមួយរយៈហើយ ។

ពាក់ព័ន្ធការចុះផ្សាយរបស់អង្គភាពសារព័ត៌មានមួយចំនួន បានកូបពីផ្សាយបន្តគ្នាថា ១-មានជនជាតិខ្មែរចូលលែងកាស៊ីណូខាងលើ ជារឿងមិនពិតទេ ជនជាតិខ្មែរទាំងនោះ គឺជា បុគ្គលិកបម្រើការងារប៉ុណ្ណោះ ។ ២-ចំពោះមានការបើកលែងខុសច្បាប់គគ្រឹកគគ្រែង មិនពិតទេ ព្រោះកាស៊ីណូគេមានច្បាប់ត្រឹមត្រូវ ។ ៣-ចំពោះការចេញផ្សាយលើគេហទំព័រសារព័ត៌មាន ប្រើប្រាស់រូបភាពចាស់យូរហើយ និង រូបភាពខ្លះមិនមែនទីតាំងនេះទៀតផង ។ ៤-ការចុះពិនិត្យជាក់ស្តែង ទីតាំងកាស៊ីណូមួយនេះ បានបិទទ្វារមិនធ្វើអាជីវកម្មជាង១០ថ្ងៃមកហើយ ។ ដូច្នេះដើម្បីរក្សាបាននូវគុណតម្លៃអ្នកសារព័ត៌មាន អាជីព មានវិជ្ជាជីវ: សូមលោក លោកស្រី ម្ចាស់គេហទំព័រទាំង៥ ខាងលើ សូមចុះផ្សាយកែតម្រូវឡើងវិញ ។ ក្នុងករណីបន្តសកម្មភាពចុះផ្សាយខុសពីការពិត អង្គភាពយើងខ្ញុំនឹងមានចំណាត់ការតាមផ្លូវច្បាប់ ។

អធិការនគរបាលក្រុងប៉ោយប៉ែត ស្នើដល់ លោក លោកស្រី ប្រធានអង្គភាពសារព័ត៌មាន អ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទ សូមមានក្រមសីលធម៌ និងវិជ្ជាជីវ: ធ្វើការចុះផ្សាយអ្វីមួយ ត្រូវប្រមូលប្រភពព័ត៌មាន ឲ្យបានគ្រប់ជ្រុងជ្រោយ រិះគន់ដើម្បីស្ថាបនា កុំព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួនបន្តិចបន្តួច បែជាចុះផ្សាយបំភ្លៃកាពិត ដែលនាំឲ្យប៉ះពាល់ដល់ កិត្តយស សេចក្តីថ្លៃថ្នូរ ការខិតខំប្រឹងប្រែង របស់នគរបាលជាតិ និងធ្វើឲ្យសាធារណៈជន មានការភាន់ច្រឡំយ៉ាងធ្ងន់ធ្ងរ ចំពោះស្ថាប័នអនុវត្តន៍ច្បាប់ ៕

CATEGORIES
Share This