ប្រជាពលរដ្ឋប្រហែល៣០០នាក់ ស្នើសុំឱ្យអាជ្ញាធរ បើកផ្លូវឡើងវិញ បន្ទាប់ពីយកផ្ទាំងថ្មទៅដាក់បិទនៅសងខាងផ្លូវ មិនឱ្យរថយន្តធុនធំដឹកកសិផល បើកបរចេញចូលទៅមកដូចមុន

បាត់ដំបង៖ ក្រោយពីសង្កេតឃើញអាជ្ញាធរស្រុករតនមណ្ឌល បានយកដុំថ្មទៅរៀបបិទបង្រួមនៅសងខាងផ្លូវ មិនឱ្យរថយន្តធុនធំៗ បើកបរដឹកកសិផលទៅមកដូចមុន ប្រជាពលរដ្ឋប្រមាណ៣០០នាក់ កើតទុក្ខមិនសុខចិត្ត ក៏នាំគ្នាយកត្រាក់ទ័រទៅតវ៉ាបិទផ្លូវ ដើម្បីឱ្យថ្នាក់លើជួយសម្រួលបើកផ្លូវធំទូលាយដូចមុនឡើងវិញ ខណ:គេដាក់ដុំថ្មនៅសងខាងផ្លូវចំនួន៤ទៅ៥កន្លែង។ហេតុការណ៍ប្រជាពលរដ្ឋនាំគ្នាតវ៉ាបិទផ្លូវក្រាលកៅស៊ូនេះស្ថិតក្នុងភូមិអូរឃ្មុំ ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ជាប់នឹងព្រំប្រទល់ខេត្តប៉ៃលិន ក្នុងភូមិកូនដំរី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។បើតាមការរៀបរាប់ពីប្រជាពលរដ្ឋដែលមាន ឈ្មោះ ញ៉ាញ់ គឹមសោន ភេទប្រុស អាយុ៣៥ឆ្នាំ, ឈ្មោះ នង វទ្ធី ភេទប្រុស និងឈ្មោះ ចយ ភេទប្រុស ស្រ្តី ឈ្មោះ ប៉ុន ស្រស់ អាយុ២៩ឆ្នាំ រស់នៅក្នុងភូមិខាងលើ បានរៀបរាប់ឲ្យដឹងដូចៗគ្នាថា ៖ ក្រោយពីសង្កេតឃើញអាជ្ញាធរជំនាញ បានយកដុំថ្មទៅបិទឃាំងបង្រួមផ្លូវក្រាលកៅស៊ូចំនួន៤ទៅ៥កន្លែង ដោយទុកទទឹងផ្លូវតែប្រវែង ២.៦ម៉ែត្រទៅ២.៧ម៉ែ ត្រ មិនឱ្យរថយន្តធុនធំ ដឹកកសិផលបើកបរចេញចូលទៅមកតាមដងផ្លូវខាងលើនេះ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ជីវភាពរបស់ពួកគាត់ ដោយក្រោយពីប្រមូលផលពោតក្រហម និងដំឡូងមីរួច អត់មានឈ្មួញថៃណាម្នាក់ហ៊ានចូលទៅទិញកសិផលនោះឡើយ ដែលជាហេតុធ្វើឱ្យតម្លៃទីផ្សារដំឡូងមី មានការធ្លាក់ចុះយ៉ាងខ្លាំង។ ពីមុនឈ្មួញហ៊ានទិញដំឡូងមី ១គីឡូក្រាម តម្លៃ២.១ ទៅ២.២បាត (ប្រាក់ថៃ) ជាង២០០រៀល។ តែពេលនេះ តម្លៃទីផ្សារធ្លាក់ចុះខ្លាំង នៅសល់១គីឡូក្រាម ត្រឹម១បាត (ប្រាក់ថៃ) ជាង១០០រៀលប៉ុណ្ណោះ ហើយនៅក្នុងស្តង់មួយចំនួន ត្រូវថៅកែថៃបង្ខំចិត្តបិទទ្វារ ព្រោះមិនអាចបើកបររថយន្តចូលទៅដឹកកសិផលដំឡូងមីដូចមុនបាន ដោយគេអនុញ្ញាតឱ្យរថយន្តតូចៗ ចូលប៉ុណ្ណោះ។ ពួកគាត់បន្តទៀតថា មិនត្រឹមតែរថយន្តថៃដឹកកសិផលចូលមិនរួចប៉ុណ្ណោះទេ សូម្បីតែត្រាក់ទ័រភ្ជួររាស់ដី និងដាំពោតដំឡូងមីរបស់ពួកគាត់ ដែលភ្ជាប់ឧបករណ៍ពូនរងដាំដំឡូងក៏ចូលមិនរួចដែរ ធ្វើឱ្យពួកគាត់មានការលំបាកយ៉ាងខ្លាំង។ លើសពីនេះ បើសិនជាអាជ្ញាធរបិទ មិនឱ្យរថយន្តឈ្មួញដឹកកសិផលនៅលើផ្លូវខាងលើចេញចូលបាន ក៏សុំឱ្យម៉ាស៊ីនកសិកម្ម ដូចជាត្រាក់ទ័រ និងគោយន្តច្នៃ អាចបើកបរទៅមកដោយស្រួលផងដែរ។ បើសិនជាអាជ្ញាធរជំនាញមិនព្រមដោះស្រាយបញ្ហានេះទេ ពួកគាត់នឹងធ្វើការតវ៉ាបិទផ្លូវ នៅថ្ងៃខាងមុខឆាប់ៗនេះទៀត ក៏សូមឱ្យខាងក្រសួង និងថ្នាក់លើជួយអន្តរាគមន៍ជួយពួកគាត់ជាកសិករ ដែលកំពុងជួបការលំបាកជីវភាព ដោយណាមួយតម្លៃទីផ្សារប្រេងសាំងឡើងថ្លៃ រីឯកសិផលកាន់តែធ្លាក់ទាបទៅៗ។
បើតាមការរៀបរាប់ពីលោក កុល ស៊ីនួន ជំទប់ទី១ ឃុំរស្មីសង្ហារ បានឱ្យដឹងថា ៖ ការបិទផ្លូវនេះ គឺខាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសាធារណការ និងដឹកជញ្ជូន មិនមែនខាងខេត្តបាត់ដំបង ឬ ខាងឃុំស្រុករបស់លោកឡើយ។ លោកបន្តទៀតថា ការបិទផ្លូវនេះ មិនឱ្យរថយន្តធុនធ្ងន់ខុសបច្ចេកទេសបើកបរចូលបានឡើយព្រោះនាំឱ្យខូចផ្លូវ បើត្រឹមរថយន្តស្តង់ដារ ដូចជារថយន្តដឹកកសិផល របស់ថៃសណ្តោងរ៉ឺម៉កអាចបើកបរចូលបាន ហើយខាងលោកកំពុងតែស្នើសុំទៅខាងក្រសួងឱ្យជួយបង្ខិតចេញក្រៅបន្តិចទៀត ដើម្បីឱ្យប្រជាពលរដ្ឋអាចបើកបររថយន្ត ឬត្រាក់ទ័រទៅភ្ជួរដីចម្ការរបស់ខ្លួនមិនប៉ះគែមសងខាងផងដែរ។

ស្រ្តីម្នាក់ ឈ្មោះ សៀ សុភ័ក្ត្រ អាយុ២៥ឆ្នាំ ជាតំណាងឱ្យម្ចាស់ស្តង់ដំឡូងមីរបស់ថៅកែថៃ បានឱ្យដឹងដែរថា ៖ បន្ទាប់ពីឃើញអាជ្ញាធរជំនាញយកផ្ទាំងថ្មទៅបិទផ្លូវ ពេលនេះថៅកែថៃ ផ្អាកទិញកសិផល ហើយនៅកន្លែងស្តង់មួយចំនួនទៀត ដែលស្ថិតនៅក្បែរៗផ្លូវក្រាលកៅស៊ូខាងលើ ក៏ត្រូវបង្ខំចិត្តបិទទ្វារដែរ ដោយ ឱ្យកសិករ ដែលធ្លាប់ដឹកយកទៅលក់ឱ្យស្តង់របស់ខ្លួន ដឹកយកទៅលក់នៅកន្លែងផ្សេងឆ្ងាយពីផ្ទះរបស់ ពួកគាត់។ ស្រ្តីខាងលើបានបន្តទៀតថា បើសិនជាអាជ្ញាធរពាក់ព័ន្ធ មិនឆាប់ដោះស្រាយបញ្ហានេះទេ ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវខាងលើនេះ នឹងជួបនូវការលំបាកចំពោះជីវភាពជាក់ជាមិនខាន។

ចំណែកលោក គុយ វណ្ណណូ អភិបាលស្រុករតនមណ្ឌលបានឱ្យដឹងថា ៖ បន្ទាប់ពីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសាធារណការ និងដឹកជញ្ជូន សង្កេតឃើញថា មានរថយន្តធុនធំរបស់ថៃ ដឹកកសិផលលើសទម្ងន់ ធ្វើឱ្យខូចខាតផ្លូវខាងលើ ទើបចុះទៅបង្រួមផ្លូវឱ្យតូច ដែលក្នុងនោះរថយន្តទម្ងន់ត្រឹម១០តោន ទើបអាចបើកបរចូលតាមផ្លូវខាងលើនេះបាន ដោយគោលការណ៍នេះ មិនមែនខាងស្រុករបស់លោកឡើយ ដោយតម្លៃទីផ្សារកសិផលមិនមានការធ្លាក់ថ្លៃអ្វីនោះឡើយ៕

CATEGORIES
Share This