ឧត្ដរមានជ័យ ៖ បែកធ្លាយ…! ព័ត៌មានមកថា លោក គឹម គាវិន ប្រធានមន្ទីរសុរិយោដីខេត្តឧត្ដរមានជ័យ និងលោក ស្ដើង វ៉ាន់ណេត ប្រធានការិយាល័យភូមិបាលស្រុកអន្លង់វែង បានវាស់វែងដីបឹងរមណីយដ្ឋានផ្ទះតាម៉ុក ជាលក្ខណៈប្រព័ន្ធ ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។
សូមបញ្ជាក់ថា ដីបឹងរមណីយដ្ឋានផ្ទះតាម៉ុក គឺជាទឹកដីទីតាំងប្រវត្តិសាស្ត្រខ្មែរក្រហម ត្រូវបានរាជរដ្ឋាភិបាលចុះក្នុងបញ្ជីទុកជាកន្លែងពិសេសសម្រាប់ខ្មែរ នឹងបរទេស ស្វែងយល់ពីអំពីរបបយង់ឃ្នង ខ្មែរក្រហម។
សារបែកធ្លាយដដែល បានទម្លាយទៀតថា លោក គឹម គាវិន ប្រធានមន្ទីរសុរិយោដី និងលោក ស្ដើងវ៉ាន់ណេត ប្រធានការិយាល័យភូមិបាល ស្រុកអន្លង់វែង បានទៅធ្វើការវាស់វែងយកដីបឹងផ្ទះតាម៉ុក ជា លក្ខណៈប្រព័ន្ធ មកធ្វើជាកម្មសិទ្ធរបស់ខ្លួននោះ ! គឺបានបែកធ្លាយនៅពេល ដែលបានបិទប្រកាសផ្សាយ ក្បាលដី ដែលត្រូវបានវាស់វែងជាលក្ខណៈប្រព័ន្ធរួចរាល់ ក្នុងភូមិអូរជញ្ចៀន និងភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែងស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ។
បើយោងតាមឯកសារ លោក គឹម គាវិន និងលោក ស្ដើង វ៉ាន់ណេត បានចុះឈ្មោះ ក្នុងការចុះបញ្ជីកាន់កាប់ដីធ្លី ជាលក្ខណៈប្រព័ន្ធ នៅបឹងតាម៉ុក បានដាក់ថា ទ្រព្យរួមប្ដីប្រពន្ធ ។ សូមបញ្ជាក់ថាក្នុងនោះ ឈ្មោះរបស់ លោក គឹម គាវិន នៅក្នុងជួរលេខរៀង ក្បាលដី ៨៥៥ ។ចំណែកលោក ស្ដែងវ៉ាន់ណេត មានលេខរៀងក្បាលដី៨៦៦។
ប្រជាពលរដ្ឋ បានចោទទៅលើប្រធានមន្ទីរសុរិយោដីលោក គឹម គាវិន ថាការបិទប្រកាសឈ្មោះក្បាលដី ហាក់បីដូចជាមានការតក់ក្រហល់ និងលាក់លៀម ដោយមិនបានប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយឡើយ ! ស្រាប់តែថ្ងៃបិទប្រកាស បែរជាមកបង្ហោះ នៅថ្ងៃបញ្ចប់ការបិទប្រកាសទៅវិញ…? ហើយការបិទប្រកាសនេះ មានរយៈពេលតែ១៥ថ្ងៃតែប៉ុណ្ណោះ។ ហេតុនេះ មានប្រជាពលរដ្ឋជាច្រើននាក់ ខកចិត្តមិនបានមកពិនិត្យមើលលេខរៀងក្បាលដីរបស់ខ្លួនឡើយ…! ។ជុំវិញការបែកធ្លាយព័ត៌មាននេះ លោក ស្ដើង វ៉ាន់ណេត ប្រធានការិយាល័យភូមិបាលស្រុកអន្លង់វែង លោកមិនបានបកស្រាយទេជុំវិញករណីយខាងលើនេះ។ ចំណែក លោក គឹម គាវិន ប្រធានមន្ទីរសុរិយោខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា ចំពោះប្លង់ដី ដែលបានចុះបញ្ជីជាកម្មសិទ្ធ របស់លោកនោះ មិនមែនស្ថិតនៅក្នុងតំបន់អនុក្រឹត្យផ្ទៃបឹងទេ គឺនៅចម្ងាយ៥០ម៉ែត្រ ពីអនុក្រឹត្យ ហើយនៅមានផ្លូវ ក្រវ៉ាត់ផ្ទៃបឹងមួយខ្សែទៀត មិនមែនដូចការចោទថា ទៅធ្វើប្លង់យកដី នៅក្នុងផ្ទៃបឹងនោះទេ។ ចំណែកការចោទថា ការបិទផ្សាយ ធ្វើឡើងដោយការលាក់លៀមនោះ គឺគ្មានទេ គឺធ្វើឡើងទៅតាមអនុក្រឹត្យដោយមានការចូលរួមពីបណ្ដាអ្នកសារព័ត៌មានផងដែ។
យោងទៅតាមការបកស្រាយរបស់លោក គឹម គាវិន អាចបញ្ជាក់បានថា អោយតែដីមិនជាប់ពាក់ព័ន្ធ ឬនៅទំនេរនោះ…! គឺសុរិយោដីស្រុកខេត្ត អាងអំណាច មានសិទ្ធធ្វើប័ណ្ណកម្មសិទ្ធ យកជាកម្មសិទ្ធរបស់ខ្លួន បានទាំងអស់ មិនថា ដីនោះ ជាដីរបស់រដ្ឋ ឫ ដីតំបន់អភិរក្ស ដែលបានរក្សាទុក។ ហេតុនេះហើយ ដីស្ថិតនៅទីតាំង ដែលមានហាងឆេងដីថ្លៃ ត្រូវបានលោក គឹម គាវិន និងលោក ស្ដែង វ៉ាន់ណេត ដើរធ្វើប្លង់យកមកធ្វើជាកម្មសិទ្ធរបស់ខ្លួនតែម្ដង ដូចជា ករណីយខាងលើនេះអញ្ចឹង?៕(Update) សហការី
និពន្ធដោយ ៖ 096 49 39 998
លោក គឹម គាវិន ប្រធានមន្ទីរសុរិយោដីខេត្តឧត្ដរមានជ័យ