អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនមនុសប្រុសស្រី១២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីរារាំងដល់សមត្ថកិច្ចកំពុងអនុវត្តច្បាប់

ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី ១២នាក់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធ ករណីរារាំងដល់សមត្ថកិច្ចកំពុងអនុវត្តច្បាប់ បង្ក្រាបគ្រឿងញៀន ។

សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពីជនសង្ស័យ ដែលចរាចរគ្រឿងញៀន កម្លាំងជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានបន្តចុះទៅដល់ទីតាំងផ្ទះលេខ៧៣ ផ្លូវបេតុង ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ដើម្បីបន្តយកជនសង្ស័យ ដែលមានការពាក់ព័ន្ធនឹងករណីខាងលើ ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញារង ប្លង់ សុផល និងមានការដឹកនាំសម្របសម្រួលនិតិវិធីដោយក្រលាបញ្ជី គឹម ឆេងប៊ុន ផងដែរ ។

ប្រភពបន្តថា នៅពេលដែលសមត្ថកិច្ចអាវុធហត្ថ កំពុងធ្វើការ បែរជាក្រុមសាច់ញាតិជនសង្ស័យ មិនព្រមសហការណ៍ ថែមទាំងរារាំង និងបានប្រើពាក្យមិនគួរគប្បីជេរប្រមាថមកលើសមត្ថកិច្ច កំពុងអនុវត្តច្បាប់ទៀតផង ។ ឃើញដូចនេះ សមត្ថកិច្ចជំនាញអាវុធហត្ថ ក៏បានឃាត់ខ្លួនជនប្រុសស្រីចំនួន១២នាក់ យកមកសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញតែម្តង ។

បច្ចុប្បន្នជនសង្ស័យទាំង១២នាក់ខាងលើ ត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ ៕

CATEGORIES
Share This