មន្ត្រីជំនាញ ចុះត្រួតពិនិត្យ និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធការងារបង្ការពន្លត់អគ្គិភ័យ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ កម្លាំងសមត្ថកិច្ចនៃនាយកដ្ឋានបង្ការពន្លត់អគ្គីភ័យ ដឹកនាំដោយឧត្តមសេនីយ៍ត្រី ជា ចន្ធូ បានធ្វើការចុះត្រួតពិនិត្យ និងផ្សព្វផ្សាយច្បាប់ អនុក្រឹត្យ លិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធការងារបង្ការពន្លត់អគ្គិភ័យ និងត្រួតពិនិត្យឧបករណ៍ពន្លត់អគ្គិភ័យចល័ត ក្នុងក្រុងប៉ោយប៉ែត និងក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

នគរបាលនៃនាយកដ្ឋានខាងលើ បានឲ្យដឹងថា ក្រោយពីបានចុះផ្សព្វផ្សាយ ត្រួតពិនិត្យ នៅក្រុងប៉ោយប៉ែតរួចមក ចាប់ពីថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះសមត្ថកិច្ចយើង បានធ្វើការចុះផ្សព្វផ្សាយ និងត្រួតពិនិត្យ នៅក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ បានចំនួន ១៦គោលដៅ រួមមាន:១-ផ្ទះសំណាក់ ៤កន្លែង២-ស្ថានីយ៍ប្រេង ៨កន្លែង និង៣-ខារ៉ាអូខេ ៤កន្លែង ។ ក្នុងនោះសមត្ថកិច្ចបានអប់រំណែនាំឲ្យម្ចាស់អាជីវកម្មទាំងនោះ ត្រៀមលក្ខណៈបង្ការពន្លត់អគ្គីភ័យ នៅពេលដែលមានហានិភ័យកើតឡើង គឺ ត្រូវមានឧបករណ៍គ្រប់គ្រាន់ និងត្រួតពិនិត្យលើបំពង់បាញ់ពន្លត់អគ្គីភ័យ ដែលមានគុណភាពល្អ អាចគ្រប់គ្រង និងពន្លត់អគ្គីភ័យបានទាន់ពេលវេលា ។

គួរបញ្ជាក់ថា រដូវនេះជារដូវក្តៅ ហើយអគ្គីភ័យអាចនឹងងាយឆាប់ឆេះ ពិសេសថ្មីៗនេះ នៅទីក្រុងប៉ោយប៉ែត មានអគ្គីភ័យឆេះឆាបឆេះជាញឹកញាប់ ទើបកម្លាំងនាយកដ្ឋានយើង បានធ្វើការចុះផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិ ពាក់ព័ន្ធទៅនឹងច្បាប់ អនុក្រឹត្យ លិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធការងារបង្ការពន្លត់អគ្គិភ័យនៅទូទាំងខេត្តបន្ទាយមានជ័យតែម្តង ៕

CATEGORIES
Share This