អាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ខ្លួនចោរលួចម៉ូតូ២នាក់ បញ្ជូនទៅតុលាការ

បន្ទាយមានជ័យ​ ៖​ ជនសង្ស័យ ជាចោរលួចម៉ូតូ ២នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួន បញ្ជូនបញ្ជូនទៅតុលាការ បន្ទាប់ពីធ្វើសកម្មភាព លួចម៉ូតូមួយគ្រឿង នៅក្រុងប៉ោយប៉ែត បានសម្រេចមិនបានប៉ុន្មានម៉ោងផង ។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ បានឱ្យដឹងថា​ បន្ទាប់ពីទទួលបាន បណ្តឹងពីដើមបណ្តឹងឈ្មោះ ម៉ែន សុវណ្ណមុន្នី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអភិវឌ្ឍន៍ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ពីករណីថាបានបាត់ម៉ូតូកាលពីវេលាម៉ោង០៩និង២៣នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចម្តុំរោងចក្រឌីស ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈឈប់ទុកមុខហាងលក់ដូរភ្លេចដកកូនសោរ ។ លោកបានចាត់កម្លាំង ធ្វើការស្រាវជ្រាវ រហូតឈាន់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមមាន ៖ ១​-ឈ្មោះ ភារម្យ ភារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ២-ឈ្មោះ តូច រតនៈ ហៅ រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ ស្នាក់នៅក្នុងក្រុងប៉ោយប៉ែត ។

ករណីនេះ សមត្ថកិច្ចបានធ្វើការដកហូតបាននូវម៉ូតូ ១គ្រឿងម៉ាកហុងដា ZOOMER X ពណ៌ក្រហម ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខបាត់ដំបង 1Y-2427 ដែលជនសង្ស័យបានលួចយកទៅ ប្រគល់ជូនម្ចាស់ដើមវិញផងដែរ ។

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​ បានឱ្យដឹងថា​ ក្រោយទទួលបាន សំណុំរឿងខាងលើនេះ ជនសង្ស័យ ត្រូវបានកម្លាំង អាវុធហត្ថខេត្តបន្ទាយមានជ័យ ចាត់បញ្ជូនបន្តទៅសាលាដំបូងខេត្ត ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

CATEGORIES
Share This