សម្ពោធអគារទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ឃុំឬស្សីក្រោក ស្រុកមង្គលបូរី

បន្ទាយមានជ័យ ៖ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា មួយខ្នងធំស្កឹមស្កៃ  ជាការឧបត្ថម្ភសាងសង់ដោយ លោកឧកញ៉ា នូ ស៊ីផា ប្រធានក្រុមការងារចុះជួយឃុំឫស្សីក្រោក និងលោកជំទាវ សុខ សុភា និងសហការី ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត និងឯកឧត្ដម ខេង ស៊ុម អនុប្រធានគណបក្សនិងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវសមាជិករដ្ឋសភាព្រឹទ្ធសភា ប្រចាំខេត្តបន្ទាយមានជ័យ ដោយចំណាយថវិកាសាងសង់ អស់ជិត១៧មុឺនដុល្លាសហអាមេរិក ។

លោកឧកញ៉ា នូ ស៊ីផា មានប្រសាសន៍ថា  ការកសាងអគារស្នាក់ការគណបក្សប្រជាជនឃុំឫស្សីក្រោក ស្រុកមង្គលបូរី នៅក្នុងឱកាសនេះ ជាចំណងដៃរបស់ក្រុមគ្រួសាររបស់លោក ដែលមានទឹកចិត្តអាណិតស្រឡាញ់ ។ ជាងនេះទៀត លោកឧកញ៉ា ក៏មានកំណើត និងមករៀនសូត្រនៅទីនេះ ក្នុងវិទ្យាល័យមង្គលបូរីផងដែរ ។  ហើយរយៈពេលកន្លងមក ក្រុមគ្រួសារលោកឧកញ៉ាផ្ទាល់ តែងតែជួយផ្តល់ជាថវិកាកសាងនូវសមិទ្ធផលនានា  និយាយដោយខ្លី គឺ លោកមិនភ្លេចនៅស្រុកកំណើត និងមិនភ្លេចជាតិដើមរបស់ខ្លួនឡើយ ។

ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍កោតសរសើរ និងអរគុណដោយស្មោះ ចំពោះសន្តានចិត្តដ៏ប្រពៃ របស់ក្រុមគ្រួសារលោកឧញ៉ា  ដែលបានចំណាយទ្រព្យធនជាច្រើនម៉ឺនដុល្លា ជួយកសាងនូវសមិទ្ធផលនានា ពីការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ។ ឯកឧត្តមក៏សូមដឹងគុណបំផុតចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវចក្ខុវិស័យ នៃគោលនយោបាយដ៏ត្រឹមត្រូវ រក្សាបាននូវសន្ដិភាព ស្ថិរភាពនយោបាយ ជាពិសេសរក្សាបាននូវកំណើនសេដ្ឋកិច្ច ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អត្រាប្តូរប្រាក់មានស្ថិរភាព ។

ឯកឧត្តមបន្តថា តាមរយៈការដាក់ចេញនូវគោលនយោបាយ ឈ្នះឈ្នះ របស់សម្តេច ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិ វិលមករកនូវសុខសន្តិភាព យ៉ាងពេញបរិបូរណ៍ ធ្វើឲ្យប្រជាពលរដ្ឋទាំងអស់ ទទួលបាននូវសិទ្ធិសេរីភាព ក្នុងការធ្វើដំណើរ និងការប្រកបមុខរបរចិញ្ចឹមជីវិត ដោយពុំមានការភ័យខ្លាច ។ ដែលការណ៍នេះ បានជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច របស់ប្រទេស ក៏ដូចជានៅតាមមូលដ្ឋានរាជធានីខេត្តទាំងអស់ ក្នុងនោះខេត្តបន្ទាយមានជ័យ ក៏បានទទួលនូវផលផ្លែផ្កា យ៉ាងច្រើនរហូតមកដល់បច្ចុប្បន្ន ដែលបានប្រែក្លាយទឹកដីពីខេត្ត ដែលមានស្ថានភាពលំបាកគ្មានការអភិវឌ្ឍក្នុងអំឡុងឆ្នាំ ទស្សវត្សរ៍ទី៨០ និងជាទីតំបន់សមរភូមិមុខ ទៅជាតំបន់ដែលមានការអភិវឌ្ឍ ជាជំហានលើគ្រប់វិស័យ និងពីតំបន់ដែលមានមីន ទៅជាតំបន់ សេដ្ឋកិច្ច ដែលមានរោងចក្រ សហគ្រាសធំៗ ចូលវិនិយោគ ៕

CATEGORIES
Share This