សម្តេចតេជោ សម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋ សម្រាប់បងប្អូនដែលមានបំណង ចូលបំរើកិច្ចការរដ្ឋ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសតាមរយៈបណ្តាញសង្គមហ្វេសបុក អនុញាតឲ្យបងប្អូនដែលបាត់បង់ការងារដោយសារ ការបិទវិទ្យុ វីអូឌី មានឱកាសចូលបម្រើការងារក្របខ័ណ្ឌរដ្ឋ ។

ក្នុងសាររបស់សម្តេចតេជោ បានសរសេរបង្ហោះនាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ថា “ដោយសារតែវិទ្យុវីអូឌី ត្រូវបានបិទ និងគ្មានឱកាសបើកឡើងវិញ និងដោយគិតទៅដល់ជីវភាពបុគ្គលិកដែលបាត់បង់ការងារ ធ្វើដោយកំហុសមេដឹកនាំ ។ ខ្ញុំសម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋសម្រាប់បងប្អូនដែលមានបំណងចូលបំរើកិច្ចការរដ្ឋ ។ សូមបងប្អូនធ្វើទំនាក់ទំនងជាមួយក្រសួងមុខងារសាធារណៈដើម្បីដាក់ពាក្យសុំធ្វើការ ។ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈត្រូវទទួលយកពាក្យសុំនិងបែងចែកទៅតាមក្រសួងនានាស្របតាមមុខជំនាញនិងត្រូវសុំការសម្រេចចុងក្រោយពីខ្ញុំ ។ សូមអ្នកដទៃកុំលូកលាន់កិច្ចការផ្ទៃក្នុងរបស់យើងហើយយើងសូមបញ្ជាក់ថា នឹងគ្មានការផ្លាស់ប្តូរការសម្រេចចិត្តរបស់យើងនោះឡើយ ។ជនបរទេសគ្មានសិទ្ធ មកបង្គាប់បញ្ជាឲ្យយើងធ្វើនេះឬធ្វើនោះ តាមការចង់បានរបស់ពួកគេឡើយព្រោះ នេះជាកិច្ចការផ្ទៃក្នុងរបស់យើង ។ ការបិទចោលវិទ្យុដែលគ្មានក្រមសិលធម៍ មួយវាមិនធ្វើឲ្យស្លាប់នូវសេរីភាពសារព័ត៌មាននៅកម្ពុជានោះឡើយតែផ្ទុយ ទៅវិញវានឹងជួយដល់ការអនុវត្តច្បាប់ និងពង្រឹងក្រមសិលធម៍វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាថែមទៀតផង ” ៕

CATEGORIES
Share This