ស្នងការបាត់ដំបងថា ប្រជាការពារគឺជាកម្លាំងស្នូលមួយដែលជួយលើការងារសន្តិសុខ
ខេត្តបាត់ដំបង! ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងជានាយប៉ុស្តិ៍ស្តីទី នៃប៉ុស្តិ៍នគរបាលរដ្ឋបាលអូរដំបង១ នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកវរសេនីយ៍ឯក រឿម ធុច ស្នងការរង តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានលើកឡើងថា ប្រជាការពារគឺជាកម្លាំងស្នូលមួយដែលជួយលើការងារសន្តិសុខទាំងយប់ទាំងថ្ងៃ ដោយលោកនៅមូលដ្ឋានផ្ទាល់ជាមួយប្រជាពលរដ្ឋ ។
ប្រជាការពារគឺជាអ្នកស្ម័គ្រចិត្តមិនមានក្របខ័ណ្ឌអ្វីច្បាស់លាស់ដូចជាមន្ត្រីនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលយើងឡើយ ដែលជាការស្ម័គ្រចិត្តបំរើនៅក្នុងមូលដ្ឋាន ជួយដល់ក្រុមប្រឹក្សាឃុំ ជួយប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រោះបើមិនមានប្រជាការពារយើងអាចធ្វើការពិបាកបន្តិចដោយសារកម្លាំងជាក់ស្តែង ក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលនីមួយៗគឺមានកម្លាំងមន្ត្រីនគរបាលពី ៣ ទៅ ៥នាក់ប៉ុណ្ណោះដែលជាការងារពិបាកក្នុងការដឹកនាំប្រតិបត្តិការនៅក្នុងមូលដ្ឋាន។
លោកស្នងការរងបន្តថា កិច្ចការងាររបស់នគរបាលរដ្ឋបាលនេះគឺសំខាន់ណាស់សម្រាប់បំរើអោយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់យើង មិនត្រឹមតែការពារសន្តិសុខសណ្តាប់ធ្នាប់នោះទេ គឺមានទាំងការងារចុះបញ្ជី ការងារគ្រប់គ្រងពលរដ្ឋ ផ្លាស់ចេញ ផ្លាស់ចូល ការងារកើតថ្មី និងការងារស្លាប់ផងដែរ ពិសេសត្រូវសហការជាមួយប្រធានក្រុមប្រឹក្សាឃុំ និងភូមិទាំងអស់ដែលចំណុះអោយឃុំ ត្រូវផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ មន្ត្រីរាជការដែលនៅក្នុងមូលដ្ឋាននេះដែលប្រើប្រាស់ អត្តសញ្ញាណប័ណ្ណដែលអស់សុពលភាព សូមអោយគាត់មកផ្តល់តាមកម្មវិធីដែលអធិការដែលបានគ្រោងទុកជាអចិន្ត្រៃយ៍នៅក្នុងម៉ាស៊ីន និងសូមអោយលោកមេប៉ុស្តិ៍ស្តីទីថ្មីនេះយកចិត្តទុកដាក់ដោយប្រចាំការនៅមូលដ្ឋាន ពិសេសការងារគ្រប់គ្រងក្មេងទំនើង និងបញ្ហាគ្រឿងញៀន។
គួរបញ្ជាក់ថា លោកអនុសេនីយ៍ឯក ថៃ ធឿន ត្រូវបានតែងតាំងជានាយប៉ុស្តិ៍ស្តីទី នៃប៉ុស្តិ៍នគរបាលរដ្ឋបាលអូរដំបង១ ជំនួសលោក ហូរ សុវណ្ណរិទ្ធ ដែលត្រូវចូលនិវត្តន៍។