អភិបាលខេត្តកំពង់ស្ពឺស្នើរសុំឱ្យអាជីវករចូលលក់តាមតូបក្នុងផ្សារកំពង់ស្ពឺវិញដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈនិងសេចក្តីថ្លៃថ្នូរខេត្ត

កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានស្នើរសុំយ៉ាងទទូចដល់ឱ្យអាជីវករទាំងអស់ដែលចេញមកលក់នៅផ្លូវបរិវេណផ្សារកំពង់ស្ពឺបង្កការកកស្ទះដល់ការធ្វើចរាចរ ឱ្យចូលទៅលក់តាមតូបក្នុងផ្សារវិញ ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់សាធារណៈនិងសេចក្តីថ្លៃថ្នូររបស់ខេត្ត។ការទទូចស្នើរសុំនេះធ្វើឡើងក្រោយបងប្អូនអាជីវករដែលលក់ដូរក្នុងផ្សារកំពង់ស្ពឺបានសំរុកនាំគ្នាចេញមកលក់ដូរលើផ្លូវសាធារណៈខាងក្រៅផ្សារកាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។

អភិបាលខេត្តកំពង់ស្ពឺបានលើកឡើងថា ការនាំគ្នាមកលក់នៅលើផ្លូវបែបនេះគឺប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់និងសេចក្តីថ្លៃថ្នូររបស់ខេត្ត ពិសេសធ្វើឱ្យការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋមានការកកស្ទះ។ហើយដើម្បីរក្សារបៀបរៀបរយនិងសណ្តាប់សាធារណៈ រដ្ឋបាលខេត្តសុំឱ្យបងប្អូនចូលទៅលក់តាមតូបដែលមានរៀងៗខ្លួននៅក្នុងផ្សារវិញ ដោយទុកឱកាសឱ្យអាជ្ញាធរធ្វើការរៀបចំអាជីវករផ្សារកញ្ច្រែងដែលលក់ខាងក្រៅឱ្យទៅលក់នៅផ្សារឈួន គឹមសាន វិញដែលរដ្ឋបាលបានរៀបចំកន្លងមក។ហើយចំពោះមុខរដ្ឋបាលខេត្តក៏បានចាត់តាំងអភិបាលក្រុងច្បារមនចុះពិនិត្យទីតាំងលក់នៅក្នុងផ្សារឈួន គឹមសាន រួចហើយដែរ។

ជុំវិញការរៀបចំនេះដែរអភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានលើកឡើងផងដែរថាកន្លងមកអាជ្ញាធរបានរៀបចំផ្សារកញ្ច្រែងនេះម្តងរួចមកហើយដោយក្នុងនោះមានបងប្អូនអាជីវករជាច្រើនបានយកបណ្តាញសង្គមមកធ្វើការបង្ហោះរិះគន់ការរៀបចំរបស់អាជ្ញាធរ ។ជាមួយនេះអាជ្ញាធរក៏បានអំពាវនាវដល់ពលរដ្ឋជាអាជីវករឱ្យមានការចូលរួមដើម្បីឱ្យការអនុវត្តនៃការរៀបចំសម្រេចទៅបានដោយជោគជ័យ។

សូមបញ្ជាក់ផងដែរថានៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះអាជីវករលក់ខាងក្នុងផ្សារកំពង់ស្ពឺបានរើចេញមកលក់នៅលើផ្លូវខាងក្រៅ ដោយពួកគាត់អះអាងថាលក់នៅខាងក្នុងគឺលក់មិនដាច់ទេ គ្មានអ្នកចូលទៅទិញទាល់តែសោះ។មូលហេតុនោះគឺដោយសារតែអាជ្ញាធរក្រុងនិងខេត្តអនុញ្ញាតឱ្យអាជីវករមួយក្រុម(ក្រុមកញ្ច្រែង)លក់នៅខាងក្រៅ។ក្នុងនោះអាជ្ញាធរបានយកសួនច្បារដើមលាភនិងទីចំណតម៉ូតូឡានរៀបជាកន្លែងលក់ដូរ ជាថ្នូរនិងលាភសក្ការៈ ម្លោះហើយគ្មានអ្នកណាចូលទិញអ្នកលក់ក្នុងផ្សារទេ។

CATEGORIES
Share This