អគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតភ្នំយ៉ាតនៅខេត្តប៉ៃលិន ត្រូវដាក់សម្ពោធជាផ្លូវការហើយ

ប៉ៃលិន ៖ លោក សុខ ពិសី អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានថ្លែងថា លោកពិតជាមានមោទនភាពយ៉ាងខ្លាំង ចំពោះប្អូនៗជាក្មួយជាសិស្សានុសិស្សដែលកំពុងសិក្សារៀនសូត្រនៅក្នុងអនុវិទ្យាល័យភ្នំយ៉ាត សម្រាប់ឱកាសដែលទទួលបានមជ្ឈមណ្ឌលអប់រំក្រៅប្រពន្ធ័លើចំណេះជំនាញសម្បូរបែប ដែលបង្កើត និងឧបត្ថម្ភឡើងក្រោមអំណោយដ៏ថ្លៃថ្លារបស់ប្រជាជនជប៉ុនតាមរយះអង្គការ កុមារឥតព្រំដែនអន្តរជាតិកម្ពុជា (KnK international) ក្រោមកិច្ចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន។ ហើយសូមអរគុណដល់ជប៉ុននិងអង្គការជាដៃគូដែលបានកសាងមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតភ្នំយ៉ាតនេះ ដើម្បីឲ្យពលរដ្ឋនៅទីនេះមានឱកាសបានរៀនសូត្រនិងរៀននូវជំនាញផ្សេងៗជាទុនសម្រាប់ជីវិតមិនអាចកាត់ថ្លៃបាននោះទេ។

ការថ្លែងឡើងដូច្នេះគ្រាដែលលោកអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតភ្នំយ៉ាត ក្នុងអនុវិទ្យាល័យភ្នំយ៉ាត ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន នាថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២៣ ។ ហើយពិធីនេះក៏អញ្ជើញចូលរួមពីសំណាក់លោក អ៊ីស៊ូម៉ា ម៉ាសាយូគី លេខាធីការទី២ នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ ។ ដែលពិធីនេះមានអ្នកចូលរួមប្រមាណ ៥១៦នាក់។

លោក សុខ ពិសី អភិបាលរងខេត្ត បានគូសបញ្ជាក់ថា៖ មជ្ឈមណ្ឌលនេះពិតជាមានប្រយោជន៍សម្រាប់សិស្សានុសិស្ស និងប្រជាពលរដ្ឋគ្រប់រូប បានសិក្សាស្រាវជ្រាវនិងទទួលបាននូវចំណេះជំនាញបច្ចេកទេស ដើម្បីមានឱកាសរកប្រាក់ចំណូលបង្កើនជីវភាពក្នុងគ្រួសារបានមួយកម្រិតទៀតផង។  ថ្លែងក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្តក៏បានរំលឹកឡើងវិញផងដែរថា ខេត្តប៉ៃលិនយើងគឺជាខេត្តមួយ ដែលពីមុនជាតំបន់ប្រទាញប្រទង់គ្នាដោយចុងអាវុធ ជាសមរភូមិក្តៅ អសន្តិសុខ និងពោរពេញដោយគ្រាប់មីន នៅពាសពេញដី តែក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ខេត្តប៉ៃលិនបានក្លាយជាខេត្តពោរពេញដោយសុខសន្តិភាពពេញបរិបូណ៌ ហើយបច្ចុប្បន្នក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិបានកំពុងធ្វើការអភិវឌ្ឍន៍លើគ្រប់វិស័យ ដើម្បីភាពទាក់ទាញទេសចរណ៍និងសេដ្ឋកិច្ចប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរថែមទៀត។

លោកអភិបាលរងខេត្តក៏បានបន្តថា៖ ស្របពេលដែលខេត្ត ត្រូវបានទទួលការគិតគូរពីរាជរដ្ឋាភិបាល និងក្រោមការខិតខំអភិវឌ្ឍន៍របស់ថ្នាក់ដឹកនាំខេត្ត សូមកូនក្មួយជាសិស្សានុសិស្ស និងយុវជនត្រូវខិតខំសិក្សារៀនសូត្រ និងប្រឹងប្រែងស្រាវជ្រាវ ដើម្បីទទួលបានជំនាញមួយច្បាស់លាស់សម្រាប់ កសាងអនាគតខ្លួនឯង អនាគតគ្រួសារ និងសង្គមជាតិឱ្យសមដូចពាក្យស្លោករបស់ប្រមុខដឹកនាំដែលលើកឡើងថា (យុវជនម្នាក់ត្រូវមានជំនាញមួយយ៉ាងតិចដើម្បីខ្លួនឯង គ្រួសារ និងសង្គម ) ផងដែរ។

ជាមួយគ្នានោះលោក អ៊ីស៊ូម៉ា ម៉ាសាយូគី លេខាធីការទី២ នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ មជ្ឈមណ្ឌលនេះបង្កើតឡើងមកនេះ ដើម្បីផ្តល់ឱកាសសិក្សាដល់ប្អូនៗនៅខេត្តប៉ៃលិនទាំងអស់ មិនត្រឹមតែការអប់រំ មូលដ្ឋានប៉ុណ្ណោះនោះទេថែមទាំងមានកម្មវិធីជំនាញបំណិនសម្បទាចំណេះសម្បទានិងកម្មវិធីជំនាញសមស្របហ្នឹងបរិបទការងារសង្គមដើម្បីបង្កើនប្រាក់ចំណូលផ្សេងៗទៀត។ លោកបានបន្តទៀតថាៈការអប់រំជាមូលដ្ឋានគ្រឹះមួយ ដ៏ ចាំបាច់សម្រាប់ការអប់រំនៅក្នុងសង្គមហើយការទទួលបានការអប់រំដោយឥតគិតថ្លៃ និងស្មើភាពគ្នាគឺជាសិទ្ធិមូលដ្ឋាន របស់មនុស្សហេតុនេះហើយប្រជាជនជប៉ុន ដែលជាសប្បុរសជនបានចូលរួមលើបុព្វហេតុនេះដោយផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់ការអប់រំសម្រាប់ទាំងអស់គ្នា និងយកចិត្តទុកដាក់ទៅលើគោលដៅទី៤នៃការអភិវឌ្ឍ ប្រកបដោយចីរភាពគឺការធានានូវការអប់រំប្រកបដោយបរិយាប័ន្ននិងប្រកបដោយគុណភាពសម្រាប់មនុស្សគ្រប់គ្នានិង លើកកម្ពស់ការសិក្សាពេញមួយជីវិត។ ម្យ៉ាងវិញទៀតខេត្តប៉ៃលិនជាខេត្តមួយដែលអង្គការ KnK បានសាងសង់សង់អាគារជាច្រើនរួចមួយហើយនៅទឹកដីខេត្តប៉ៃលិន រួមមាននៅឃុំស្ទឹងត្រង់ សង្កាត់បរយ៉ាខា ក្រចាប់ និងនៅអនុវិទ្យាល័យភ្នំយ៉ាតនេះឯង។

ក្នុងឱកាសនោះដែរឯកឧត្តម គួច គូលំអ ប្រធាននាយកដ្ឋានអប់រំក្រៅប្រព័ន្ធ នៃក្រសួងអប់រំបានឧបត្ថម្ភនូវ ថែបប្លេត ចំនួន ០៤គ្រឿង សម្រាប់សិស្សទុកសម្រាប់សិក្សានៅក្នុងមជ្ឈមណ្ឌលនេះទៀតផង។

គួរបញ្ជាក់ផងដែរថាអគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតភ្នំយ៉ាតនេះ ឧបត្ថម្ភការកសាងឡើងក្រោមអំណោយដ៏ថ្លៃថ្លារបស់ប្រជាជនជប៉ុនតាមរយះអង្គការ កុមារឥតព្រំដែនអន្តរជាតិកម្ពុជា (KnK international) ក្រោមកិច្ចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន។ដែលមានបណ្តោយ១៦ម៉ែត្រ ទទឹង ១២ម៉ែត្រ ហើយមានបន្ទប់សិក្សាចំនួន០៣បន្ទប់, មានជំនាញជួសជុលម៉ាស៊ីនត្រជាក់ ០១ ដែលមានសិស្សកំពុងសិក្សា ១២នាក់។ ដោយឡែកផ្នែកសាឡនមានសិស្សស្រីកំពុងសិក្សា ៩នាក់ផងដែរ។

CATEGORIES
Share This