កម្ពុជា-ថៃ គ្រោងសាងសង់ស្ពានឆ្លងព្រំដែន សម្រួលការធ្វើដំណើររបស់ពលរដ្ឋ និងពាណិជ្ជកម្ម ជំនួសស្ពានចាស់ដែលតូច និងចាស់ទ្រុឌទ្រោម

ប៉ៃលិន៖ ស្ពានឆ្លងព្រំដែនកម្ពុជា-ថៃ ក្នុងតំបន់ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ត្រូវបានរដ្ឋបាលខេត្តប៉ៃលិន ប្រទេសកម្ពុជា ដឹកនាំដោយលោក ហុក សុផល អភិបាលរងខេត្ត និងរដ្ឋបាលខេត្តចាន់បុរី ប្រទេសថៃ ដឹកនាំដោយលោក មុនស៊ីត ផៃសានថាណាវ៉ាត់ អភិបាលខេត្តចាន់បុរី ចុះត្រួតពិនិត្យ និងវាស់វែង ក្នុងគម្រោងសាងសង់ស្ពានថ្មី ដើម្បីសម្រួលការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ និងការដឹកទំនិញចេញ-ចូល តំបន់ព្រំដែន រវាងប្រទេសទាំងពីរកម្ពុជា-ថៃ ។

ការចុះត្រួតពិនិត្យនេះ ធ្វើឡើងនៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ទល់មុខស្រុកពោណាមរ៉ន ខេត្តចាន់បុរី ប្រទេសថៃ។

លោក ហុក សុផល មានប្រសាសន៍ដឹងថា គម្រោងសាងសង់ស្ពានថ្មីនេះ គឺជាផែនការយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការធ្វើពាណិជ្ជកម្មព្រំដែន រវាងប្រទេសជាប់ព្រំដែនគ្នាកម្ពុជា-ថៃ ។

លោកអភិបាលរងខេត្ត បញ្ជាក់ថា រដ្ឋបាលខេត្តប៉ៃលិន មានគម្រោងសាងសង់ស្ពានឆ្លងព្រំដែននេះជាយូរមកហើយ ក្រោមការចង្អុលបង្ហាញពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដោយសហការជាមួយភាគីប្រទេសថៃ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋកម្ពុជា-ថៃ ពិសេសការធ្វើពាណិជ្ជកម្មព្រំដែន រវាងប្រទេសទាំងពីរ។ ភាគីប្រទេសថៃ ក៏បានឯកភាពក្នុងការសាងសង់ផងដែរ ហើយគម្រោងសាងសង់ស្ពានថ្មីនេះមានទទឹង១៥ម៉ែត្រ បណ្តោយ៤០ម៉ែត្រ ជំនួសស្ពានប៉ាឡេចាស់ ដែលមានទំហំតូច ចាស់ទ្រុឌទ្រោម៕

CATEGORIES
Share This