កម្មកររុះរើសំណង់អគារកាស៊ីណូ ហ្រ្គែនដាយមិន ស៊ីធី ក្រុងប៉ោយប៉ែត ម្នាក់ រអិលធ្លាក់ពីលើដងសន្ទូច រងរបួសធ្ងន់ធ្ងរ

បន្ទាយមានជ័យ ៖ កម្មករសំណង់ម្នាក់ ក្នុងចំណោមកម្មករជាច្រើននាក់ បានរងរបួសធ្ងន់ បន្ទាប់ពីរអិលធ្លាក់ពីលើដងសន្ទូច ខណៈធ្វើការរុះរើសំណង់អគារកាស៊ីណូ ហ្រ្គែនដាយមិន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ហេតុការនេះកើតឡើងកាលពីវេលាម៉ោង៣ និង៣៥នាទី ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចការដ្ឋានរុះរើសំណង់អគារកាស៊ីណូ ហ្រ្គែនដាយមិន ស៊ីធី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបណ្តាលមកពីដាច់ខ្សែកាបគ្រឿងចក្រស្ទូចដែក បណ្តាលឲ្យជនរងគ្រោះម្នាក់ឈ្មោះ ឈួយ ភេទប្រុស អាយុ៣០ឆ្នាំរអិលធ្លាក់ពីលើដងសន្ទូចរងរបួសធ្ងន់ ហើយត្រូវបានក្រុមជាងដូចគ្នា បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត តែដោយស្ថានភាពធ្ងន់ធ្ងរ ជនរងគ្រោះត្រូវបានគេបញ្ជូនបន្ត ទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបុរី ។ លុះដល់ថ្ងៃទី០៨ ខែកម្ភៈ ឆ្នាំ២០២៣ បានលេចលឺដំណឹងថា ជនរងគ្រោះ បានស្លាប់បាត់បង់ ជីវិតហើយ ។

ប៉ុន្តែបើតាមការឲ្យដឹងពីលោកវិជ្ជៈបណ្ឌិត ទុ បារាំង ប្រធានមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី បានឲ្យដឹងនៅថ្ងៃទី៨ កុម្ភៈ នេះថា មិនទាន់មានអ្នកជំងឺដែលបញ្ជូនមក បានស្លាប់ទេ តែមានមួយករណីដែលត្រូវបញ្ជូនចេញ តែមិនដឹងថា ជាជនរងគ្រោះខាងលើ ឬអត់ដោយសារលោកជាប់រវល់ ទើបក្តាប់មិនទាន់បាន ៕

CATEGORIES
Share This