នគរបាលចុះបង្ក្រាបអ្នកលេងល្បែងបញ្ជល់មាន់ ចាប់ឃាត់ខ្លួនមនុស្ស៤នាក់ រួមនឹងវត្តុតាង

ខេត្តប៉ៃលិន ៖ បន្ទាប់ពីក្រឡេកឃើញនគរបាលទៅដល់ភ្លាម អ្នកលេងបញ្ជល់មាន់ខ្លះរត់ចោលម៉ូតូ អ្នកខ្លះទៀតលោតហក់ចូលទៅក្នុងព្រៃចម្ការស្វាយ ហើយអ្នកខ្លះ ក៏របូតស្បែកជើង និងមានអ្នកខ្លះ ទៀតរត់លែងងាកក្រោយ ខណ:ពួកគេនាំគ្នាអង្គុយលេងល្បែងបញ្ជល់មាន់ហ៊ោរកញ្ច្រៀវយ៉ាងអរសប្បាយនៅក្នុងចំការស្វាយមួយកន្លែង ខាងក្រោយបន្ទាយយោធា។ លុះអ្នកខ្លះទៀត រត់មិនទាន់គេ ក៏ត្រូវនគរបាលក្របួចចាប់ឃាត់ខ្លួនបាន៤នាក់តែម្តង។

ហេតុការណ៍ចុះបង្ក្រាបក្រុមលេងល្បែងបញ្ជល់មាន់នេះ បានធ្វើឡើងនៅវេលាម៉ោង២ និង ៣០នាទីរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចដីចម្ការមួយកន្លែង ក្រោយបន្ទាយយោធាវរ:សេនាតូចអន្តរាគមន៍លេខ៥៣៤ ស្ថិតក្នុងភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។

ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ជនសង្ស័យដែលលេងល្បែងបញ្ជល់មាន់ចំនួន០៤នាក់ ៖ ទី១. ឈ្មោះ ដួង ផង់ ភេទប្រុស អាយុ៥៦ឆ្នាំ ជាកសិករ រស់នៅភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ។ ទី២. ឈ្មោះ សាទ យឹម ភេទប្រុស អាយុ៦៣ឆ្នាំ ជាកសិករ រស់នៅភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់។ ទី៣. ឈ្មោះ ធាន ធា ភេទប្រុស អាយុ៣៥ឆ្នាំ ជាកសិករ រស់នៅភូមិអន្លង់រក្សា ឃុំស្ទឹងត្រង់។ ទី៤. ឈ្មោះ ញ៉ែម សាន ភេទប្រុស អាយុ៤២ឆ្នាំ ជាកសិករ រស់នៅភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយនគរបាលរឹបអូសបានម៉ូតូចំនួន០៨គ្រឿង និងមាន់ជល់ចំនួន១៤ក្បាល ,កន្រ្តក សម្រាប់ដាក់មាន់ចំនួន០៥ ជញ្ចីញថ្លឹងចំនួន០១គ្រឿង សង្វៀនជល់ ចំនួន០១ឈុត និងស៊ុសម្រាប់ក្រុងមាន់ ចំនួន០៩ ព្រមទាំងសម្ភារៈសម្រាប់បញ្ជល់មាន់មួយចំនួនទៀត។ ប្រភពបញ្ជាក់ថា សមត្តកិច្ចនគរបាលស្រុកសាលា បានឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ យកទៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

CATEGORIES
Share This