នគរបាលស្រុកថ្មគោល ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរំលោភលើទំនុកចិត្ត(ខ្ចីម៉ូតូ)

ខេត្តបាត់ដំបង! កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃ បានចុះធ្វើការស្រាវជ្រាវរហូតឈានឃាត់ខ្លួនបានជនសង្ស័យ០១នាក់ពាក់ព័ន្ធក្នុងករណីរំលោភលើទំនុកចិត្ត(ខ្ចីម៉ូតូ)។

លោកវរសេនីយ៍ទោ ហៀង ប៊ុនថា អធិការរងស្រុកថ្មគោល ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០២៣ នៅចំណុចរោងម៉ាស៊ីនកិនស្រូវបៃតង ស្ថិតក្នុងភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ង៉ាន់ គឹមហុង ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

លោកបានបញ្ជាក់ថា ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ផល ឧត្តម ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដែលបច្ចប្បន្នស្នាក់នៅបណ្តោះអាសន្ននៅឃ្លាំងប៉ៃតង ស្ថិតក្នុងភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ដែលជនសង្ស័យខាងលើ កាលពីវេលាម៉ោង០៤និង០០នាទី ឈានចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ រូបគេបានខ្ចីម៉ូតូរបស់ជនរងគ្រោះខាងលើ០១គ្រឿង ម៉ាកអ៉ិចសិនទ័រ ស៊េរី២០២១ ពណ៌ក្រហម គ្មានផ្លាកលេខ និងជិះគេចខ្លួនបាត់ រហូតនៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០២៣ ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន រួមជាមួយវត្ថុតាងម៉ូតូ០១គ្រឿងម៉ាកអ៉ិចសិនទ័រ ពណ៌ក្រហម បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោលដើម្បីធ្វើការសាកសួរនិងរៀបចំសំណុំរឿងចាត់ការតាមនីតិវិធី។

CATEGORIES
Share This