រដ្ឋបាលខេត្តកំពង់ស្ពឺផ្តល់អំណោយដល់គ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន១៧១គ្រួសារ

កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺបានផ្តល់អំណោយដល់គ្រួសាររងគ្រោះដោយទឹកជំនន់ចំនួន១៧១គ្រួសារមកពីឃុំទាំង៧នៃស្រុកភ្នំស្រួច ដែលការផ្តល់ជូននេះធ្វើឡើងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ។

លោក ហន ពិសិដ្ឋ អភិបាលស្រុកភ្នំស្រួចបានឱ្យដឹងថា ស្រុកភ្នំស្រួចគឺជាស្រុកមួយក្នុងចំណោមស្រុកទាំង៥នៃខេត្តកំពង់ស្ពឺដែលបានរងគ្រោះដោយជំនន់ទឹកភ្លៀងកាលពីខែមករាកន្លងទៅ ដែលជំនន់នេះបង្កឡើងដោយបម្រែបម្រួលអាកាសធាតុធ្វើឱ្យមានភ្លៀងធ្លាក់បន្តបន្ទាប់៤ថ្ងៃជាប់គ្នា។ជំនន់ទឹកភ្លៀងនេះបានប៉ះពាល់ដល់ឃុំចំនួន៧គឺឃុំយាយម៉ៅពេជ្រនិល ឃុំតាំងសំរោង ឃុំក្រាំងដីវ៉ាយ ឃុំអូរ ឃុំត្រែងត្រយឹង ឃុំមហាសាំងនិងឃុំតាំងស្យា ដែលជំនន់នេះបានបង្កផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋចំនួន១៧១ គ្រួសារ។ក្រៅពីនោះ ជំនន់ទឹកភ្លៀងក៏បានបង្កផលប៉ះពាល់ដល់សាលារៀនចំនួន០៣កន្លែងនៅឃុំតាំងសំរោង១កន្លែង និងឃុំយាយពេជ្រនិលចំនួន០២កន្លែង ស្រែប្រាំង២ហិកតា ដំណាំផ្សេងៗ៣២ហិកតា និងហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់ប្រមាណជា៣៧៥២ម៉ែត្រផងដែរ។

ក្នុងឱកាសនោះលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានលើកឡើងថា ការបម្រែបម្រួលនៃអាកាសធាតុបានធ្វើឱ្យមានភ្លៀងធ្លាក់ជាប់គ្នា៤ថ្ងៃគឺចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៤ខែមករា ដែលជាខែស្ថិតក្នុងរដូវប្រាំង។ភ្លៀងក្នុងខែនេះវាពិតជាមិនដែលមានទេពីដើមមក ហើយក៏មិនដែលមានជំនន់ក្នុងខែនេះដែរ។នេះគឺបណ្តាលមកពីកត្តាមនុស្ស មនុស្សបានបំផ្លាញធម្មជាតិ កាប់អស់ព្រៃឈើ ទើបធ្វើឱ្យធម្មជាតិមានការប្រែប្រួលដូច្នេះ ហើយដោយសារតែការប្រែប្រួលនេះទើបធ្វើបងប្អូនប្រជាពលរដ្ឋត្រូវទទួលរងគ្រោះនិងបាត់បង់ទ្រព្យសម្បត្តិ។តែដើម្បីឆ្លើយតបទៅនិងផលប៉ះពាល់ដែលបងប្អូនជួបប្រទះ រដ្ឋបាលខេត្តក្រោមការឧបត្ថម្ភគាំទ្រពីអង្គការជីវិតថ្លៃថ្នូរបានផ្តល់នូវអំណោយសង្គ្រោះបឋមដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។

លោក វ៉ី សំណាង បានសង្កត់ធ្ងន់ថាអំណោយដែលផ្តល់ជូនក្នុងពេលនេះគឺតិចតួចទេ តែវាពិតណាស់បានសម្រួលដល់ការហូបចុកបានមួយរយៈពេលដែរ ទម្រាំបងប្អូនអាចប្រកបកិច្ចការងារឡើងវិញបាន។ហើយទន្ទឹមនិងនេះដែរ បងប្អូនត្រូវគិតគូរដល់សុខភាព រស់នៅត្រូវមានអនាម័យ ហូបស្អាតផឹកស្អាត ដើម្បីជៀសផុតពីជំងឺផ្សេងៗ ។មួយវិញទៀតត្រូវនាំសមាជិកគ្រួសារដែលគ្រប់អាយុទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ដុសដើម្បីបង្ការជំងឺកូវីដ-១៩។

CATEGORIES
Share This